ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមជួយថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា

BY
srey nuch
April 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

តាមរយៈការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ខាងមុខ នៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។»

សម្ដេចហ៊ុន សែន បន្តថា «ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញុំ គឺ3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោកសៀង ទៀងដែលមានលេខទូរស័ព្ទ ០១២ ៩៦១៩៧១៕»

ប្រភព៖ Samdech Hun Sen of Cambodia

Share This Post: