ព័ត៌មានជាតិ

អ្នកនេសាទ លែងអណ្តើកសមុទ្រ «ល្មិច» ចំនួន ២ក្បាលទម្ងន់សរុប ១៩.៧គីឡូក្រាមចូលសមុទ្រវិញ

BY
srey nuch
April 25, 2024

ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តកែប សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានលែងអណ្តើកសមុទ្រ(ល្មិច) ចំនួន០២ក្បាល ចូលសមុទ្រវិញ ក្រោយអ្នកនេសាទ បានប្រគល់ ជូនខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បន្ទាប់ពីពួកគាត់នេសាទបាន។

តាមរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទាំងពីរក្បាលនោះទម្ងន់សរុប ១៩.៧គីឡូក្រាម ដោយអណ្តើកឈ្មោល មានទម្ងន់១១គីឡូក្រាម បណ្ដោយប្រវែង ៤៧សង់ទីម៉ែត្រ ទទឹងប្រវែង ៤៣សង់ទីម៉ែត្រ បានកឹបលេខសម្គាល់KH 2077 និងអណ្តើកញីមួយក្បាលទៀតមានទម្ងន់៨.៧គីឡូក្រាម បណ្ដោយប្រវែង ៤៣សង់ទីម៉ែត្រ ទទឹងប្រវែង ៣៩សង់ទីម៉ែត្រ បានកឹបលេខសម្គាល់ KH 2079។

គួរកត់សំគាល់ថា អ្នកនេសាទខេត្តកែបបច្ចុប្បន្នហាក់មានការយល់ដឹងច្រើន អំពីការថែរក្សាធនធានសត្វសមុទ្រកម្រៗ ដោយជាញយដង ពួកគាត់តែងប្រគល់ជូនជំនាញជលផល ក្រោយពួកគាត់នេសាទបានសត្វសមុទ្រកម្រទាំងនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: