ព័ត៌មានជាតិ

សាច់ក្របីបង្កកប្រមាណ ៣.៥តោន មានប្រភពមកពីប្រទេសឥណ្ឌា ត្រូវបានមន្រ្តីជំនាញខេត្តព្រៃវែង យកទៅដុតកម្ទេចចោល

BY
srey nuch
April 25, 2024

ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សាខាក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កកចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង។

មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-បានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ៣ គ្រឿង។
-សាច់ក្របីបង្កកមានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ។
– ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ។
– ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង ២ស្ថាប័ន បានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្របីបង្កកទាំង១៧៥ កេស ទម្ងន់ ៣ ៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Share This Post: