ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការគាំទ្រពីប្រជាជនកម្ពុជាឱ្យ​ក្លាយជាចលនាជាតិ ដើម្បីសម្រេចបាននូវព្រែកជីកហ្វូណនតេជោ

BY
Liny Chan
April 27, 2024

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសុំការគាំទ្រប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណន-តេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំប្រតិកម្មជាមួយអ្នកលើកឡើងថា ព្រែកជីកហ្វូណនតេជោនេះ បង្កលក្ខណៈឲ្យកងទ័ពជើងទឹកចិន តែពេលនេះខ្ញុំត្រូវតែនិយាយបង្ហាញ ខ្ញុំមិនអនុញ្ញាតឲ្យនរណាដុតផ្ទះរបស់ខ្ញុំ ដើម្បីចម្អិនពងមាន់មួយនោះទេ មិនថាមិត្ត មិនថាសត្រូវ មិនថាប្រទេសអ្នកឯងជានរណា តែខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ។ សូមអ្នកទាំងឡាយ កុំឆ្លៀតប្រើប្រាស់ដុតផ្ទះរបស់ខ្ញុំ ដើម្បីគ្រាន់តែចម្អិតសាច់មួយដុំរបស់អ្នក។ ពួកអ្នកត្រូវយល់ ត្រូវទទួលស្គាល់អំពីផលប្រយោជន៍របស់កម្ពុជា ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ខ្ញុំត្រូវការយល់ និងការគាំទ្រពីប្រជាជនកម្ពុជាឱ្យក្លាយទៅជាចលនាជាតិ ដើម្បីគាំទ្រការសម្រេចបាននូវព្រែកជីកហ្វូណនតេជោរបស់យើង»។

សូមជម្រាបថា យោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសផ្សេង។ គម្រោងព្រែកជីកហ្វូណន-តេជោ មិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង ហើយកសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះបាន។ ប្រព័ន្ធដឹកជញ្ជូនបែបនេះ នឹងបង្កការទាក់ទាញអ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា អ្នកវិនិយោគក្នុងប្រទេសរបស់យើងក៏នឹងវិនិយោគបន្ថែម ដោយឃើញពីស្ថានភាពងាយស្រួលនៃការដឹកជញ្ជូន។ លើសពីនេះ យើងមិនចាំបាច់បង់ថ្លៃបន្ថែម ដែលយើងធ្លាប់តែបង់ រួមទាំងបាននិងកំពុងបង់ជូន ទៅវៀតណាម ដែលម្ដងតម្រូវឱ្យបង់ថ្លៃប៉ុណ្ណេះ ម្ដងថ្លៃប៉ុណ្ណោះ៕

អត្ថបទ៖ លីនី

Share This Post: