ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះយោធិន ២០នាក់ ដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

BY
srey nuch
April 27, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីរន្ធត់ក្តុកក្តួលឥតឧបមា ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសានេះ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ពលីជីវិត និងយោធិនមួយចំនួនទៀតរបួស។

តាមរយៈការបង្ហោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ ៕»

ប្រភព៖ Hun Manet

Share This Post: