សុខភាព

វ៉ាក់សាំងកូវីដ១៩របស់ឥណ្ឌានឹងចាប់ផ្តើមតេស្ដសាកល្បងលើមនុស្សក្នុងខែកក្កដានេះ

BY
Khmernote Media
July 1, 2020

វ៉ាក់សាំង​ជំងឺ COVID-19 ថ្មី​បង្កើត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​កក្កដា​នេះហើយ។ សារព័ត៌មាន​BBC ចុះផ្សាយ​នៅថ្ងៃទី៣០ ខែមិថុនា នេះថា វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ដំបូង​ដែល​បង្កើត​នៅ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះ​ថា Covaxin ហើយ​មាន​​ការ​រួមសហការ​ក្នុង​ការ​ផលិត​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ផ្នែក​វីរុស និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា។

វ៉ាក់សាំង​នេះ​​បង្កើត​ចេញ​ពី​វីរុស​ដែល​គេ​វិភាគ និង​ធ្វើ​ឲ្យ​ខ្សោយ​ក្នុង​មន្ទីរពិសោធន៍។ ការ​តេស្ដ​វ៉ាក់សាំង​ទៅ​លើ​សត្វ​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព។

អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Bharat Biotech ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ដំណាក់កាលទី១ និង​ទី២​ក្រោយ​ពី​ក្រុមហ៊ុន​ផ្តល់​នូវ​លទ្ធផល​ការ​សិក្សា​បឋម​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក ការ​តេស្ដ​សាកល្បង​ទាំង​២​ដំណាក់កាល​នេះ​ធ្វើ​ឡើង​ដើម្បី​តេស្ដ​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​អត់ ​ជាង​ការ​រក​មើល​ថា​មាន​ប្រសិទ្ធ​ឬ​យ៉ាង​ណា។

ក្រៅ​ពី​ក្រុមហ៊ុន Bharat Biotech ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Zydus Cadilla ក្រុមហ៊ុន Biological E ក្រុមហ៊ុន Indian Immunologicals និង​ក្រុមហ៊ុន Mynvax ក៏​កំពុង​បង្កើត​វ៉ាក់សាំង​ជំងឺ COVID-19 ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: