តៃវ៉ាន់បញ្ឈប់ការរុករកអ្នកស្លាប់ ដោយសារគ្រោះរញ្ចួយដី បន្ទាប់ពីចំនួនអ្នកស្លាប់កើនដល់១៧នាក់
តៃវ៉ាន់៖ កាលពីសប្តាហ៍មុនមានហេតុការណ៍គ្រោះរញ្ចួយដីមួយបានកើតឡើងនៅលើកោះតៃវ៉ាន់ ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងមនុស្សស្លាប់ជាច្រើននាក់។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមជួយសង្គ្រោះរុករកជនរងគ្រោះនៅតាមគំនរបាក់បែកបានបញ្ចប់ ហើយចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះបានកើនឡើងដល់១៧នាក់។
ក្រោយរុករកអស់ជាច្រើនថ្ងៃមក សាកសពចំនួន៥នាក់ចុងក្រោយត្រូវបានយកចេញពីគំនរបាក់បែកនៃអាគារ១២ជាន់ Yun Men Tsui ក្នុងទីក្រុង Hualien ដោយ៤ជាន់ដំបូងនៃអាគារបានស្រុតធ្វើឲ្យអាគាររលំផ្អៀងទៅម្ខាង។ សាកសពទាំង៥នាក់ ដែលរកឃើញចុងក្រោយគេនោះគឺជាគ្រួសារទាំងមូលតែម្តង ដោយមានឪពុកម្តាយ ជីដូនជីតា និងកូនប្រុសអាយុ១២ឆ្នាំម្នាក់ ដែលបានស្នាក់នៅអាគារនោះនៅជាន់ទី៣។
អាគារ Yun Men Tusi នេះបានសាងសង់អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយក្នុងចំណោមអ្នកស្លាប់ទាំង១៧នាក់ មានសាកសពចំនួន១៤នាក់បានស្លាប់នៅក្នុងអាគារនោះ ចំណែកឯសាកសព៣នាក់ទៀតស្លាប់នៅកន្លែងផ្សេងទៀត៕



សេម
ប្រភព៖ shanghaiist