លួចម៉ូតូគេបានជិះដើរលេងមួយឆ្អែត រួចចូលចាក់សាំងត្រូវសមត្ថកិច្ចក្របួចបាន
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរគាស់ផ្ទះ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរគាស់ផ្ទះ រូបនេះ មាន ឈ្មោះ មាស ដាលី ភេទប្រុស អាយុ ១៧ឆ្នាំ បានធ្វើសកម្មភាពលួចគាស់ផ្ទះ និងលួចម៉ូតូចំនួន ០២គ្រឿង មាន ០១គ្រឿង ម៉ាក CBR ពណ៌ស ស្លាកលេខ ភ្នំពេញ 1BV-5552 និង ០១គ្រឿងទៀត ម៉ាក ហុងដា ស្គុបពី ពណ៌លឿង ស្លាកលេខ ភ្នំពេញ 1CS-8647 ជារបស់ជនរងគ្រោះឈ្មោះ ជុំ សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៦៨ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈពេលដែលជនរងគ្រោះ កំពុងសម្រាកលង់លក់ នៅក្នុងផ្ទះ។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ករណីខាងលើខ្លួនបានធ្វើសកម្មភាពជាមួយបក្សពួកខ្លួនឈ្មោះ ធី (រត់គេចខ្លួន) ហើយរូបគេទាំង០២នាក់ ទើបតែស្គាល់គ្នាបាន០១ខែប៉ុណ្ណោះ។ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨:០០នាទី រូបខ្លួន និងឈ្មោះ ធី បានជួបគ្នានៅម្តុំផ្សារស៊ិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មករូបគេទាំង ០២នាក់ បានជិះម៉ូតូឌុបទៅវត្តសំរោងអណ្តែត ពេលទៅដល់ឈ្មោះ ធី បានចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើ ដោយរូបខ្លូនជាអ្នកចាំមើលផ្លូវនៅខាងក្រៅរហូតដល់វេលារំលងអធ្រាតស្រាប់តែឈ្មោះ ធី បានបណ្តើរម៉ូតូ ០១គ្រឿង ម៉ាក CBR គ្មានស្លាកលេខ មកឲ្យរូបខ្លួនជិះ បន្ទាប់មកឈ្មោះ ធី បានដើរចូលក្នុងផ្ទះនោះ ម្តងទៀត និងបានលួចយកម៉ូតូ ០១គ្រឿងទៀត ម៉ាក ស្គុបពី ពណ៌លឿង ដោយឈ្មោះ ធី អ្នកជិះ បន្ទាប់មករូបគេទាំង ០២នាក់ បានជិះម៉ូតូបែកផ្លូវគ្នារៀងៗខ្លួន។ ក្រោយពីបែកផ្លូវគ្នា ខ្លួនបានជិះម៉ូតូម៉ាក CBR នោះ ដើរលេង រហូតដល់វេលាម៉ោង១៥:០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ូតូក៏អស់ស៊ាំង ខ្លួនក៏បានចូលទៅចាក់ស៊ាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្បែររង្វង់មូលទួលគោក បន្ទាប់មកខ្លួនបានដើរចូលក្នុងបន្ទប់ទឹក លុះពេលចេញពីបន្ទប់ទឹកមកវិញ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង។
រូបគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបខ្លួនធ្លាប់ប្រើបា្រស់គ្រឿងញៀន ប្រភេទម៉ាទឹកកក រយៈពេល ០១ខែ កន្លងមកហើយ ដោយឈ្មោះ ធី ជាអ្នកទិញយកមកប្រើប្រាស់ជាមួយគ្នា។ 



ប្រភព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ