ទៀតហើយ! សិស្សម្នាក់យកកាំភ្លើងបាញ់ប្រហារនៅក្នុងសាលារៀន បណ្តាលឲ្យគ្រូ និងសិស្ស១០នាក់ស្លាប់ និង១០នាក់ទៀតរបួសនៅអាមេរិក
អាមេរិក៖ កាលពីវេលាម៉ោង៧ និង៣២នាទីថ្ងៃទី១៨ ខែឧសភា មានការរាយការណ៍ថា មានយុវជនម្នាក់បានបើកការបាញ់ប្រហារមួយនៅក្នុងវិទ្យាល័យ Santa Fe ក្នុងរដ្ឋ Texas និងបង្កឲ្យមានមនុស្សស្លាប់១០នាក់ និងរបួស១០ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតហេតុជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានប៉ូលិសអាមេរិកធ្វើការឃាត់ខ្លួនបានភ្លាម។
ជនសង្ស័យរូបនេះមានឈ្មោះថា Dimitrios Pagourtzis អាយុ១៧ឆ្នាំ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេមិនបានបាញ់សម្លាប់មនុស្សដែលគេចូលចិត្តនោះទេ គឺគេបានបាញ់សំដៅទៅកាន់មនុស្ស ដែលគេមិនចូលចិត្តតែប៉ុណ្ណោះ។
យុវជន Dimitrios Pagourtzis បានយកកាំភ្លើងរបស់ឪពុកគេទៅបាញ់ប្រហារនៅក្នុងសាលារៀន បន្ទាប់ពីយុវជន រូបនេះខឹងនឹងមិត្តរួមថ្នាក់ និងលោកគ្រូវបង្រៀន។ ក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់នោះ មានសិស្ស៩នាក់ និងគ្រូបង្រៀនម្នាក់។ ពេលនេះប៉ូលិសសម្រេចឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន និងរងចាំទទួលការផ្តន្ទាទោសពីតុលាការបន្ថែមទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN



