ធ្លាក់យន្តហោះនៅគុយបា សម្លាប់មនុស្សស្ទើរអស់មួយយន្តហោះ អាយុថ្លៃនៅមានជីវិតតែ២នាក់
គុយបា៖ កាលពីវេលាម៉ោង១២ និង០៨នាទី (ម៉ោងក្នុងតំបន់) ថ្ងៃសុក្រ ទី១៨ មានហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងប្រភេទ Boring 737-201 ដោយនៅលើយន្តហោះមានផ្ទុកអ្នកដំណើរ និងបុគ្គលិកបំរើការលើយន្តហោះសរុបចំនួន១១០នាក់ បណ្តាលឲ្យមនុស្សជាង១០០នាក់ស្លាប់បាត់បង់ជីវិត។ ក្រោយកើតហេតុស្ត្រី៣នាក់នៅរស់រានមានជីវិត តែក្រោយមកដោយសារតែរងរបួសធ្ងន់ធ្ងរពេកស្ត្រីម្នាក់ក្នុងចំណោម៣នាក់នោះក៏បានស្លាប់បាត់បង់ជីវិតទៅនៅយប់ថ្ងៃសុក្រនេះ នេះបើយោងតាមការឲ្យដឹងពីលោក Eduardo Rodríguez Dávila អនុរដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូន។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា យន្តហោះនោះធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិ Jose Marti នៃទីក្រុង Havana ឆ្ពោះទៅកាន់ទីក្រុង Holguin ហើយក្រោយមកក៏បានធ្លាក់នៅវាលស្រែនៅវេលាម៉ោង១២ និង០៨នាទីតែម្តង។ ពេលនេះមន្ត្រីជំនាញកំពុងតែបើកការស៊ើបអង្កេតលើករណីនេះ ហើយក្រុមសង្គ្រោះបានកំពុងធ្វេីការបន្តនៅកន្លែងព្រៃក្បែរកន្លែងកើតហេតុបន្ថែមទៀត៕

អត្ថបទ៖ សេម
ប្រភព៖ CNN