អតិថិជនទំនើងទះកំផ្លៀងបុគ្គលិកភោជនីយដ្ឋានជាច្រើនដៃហើយជិះគេចខ្លួនបាត់ គ្រាន់តែគេប្រាប់ឲ្យពាក់ម៉ាស់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩
ម៉ាឡេស៊ី៖ បុគ្គលិកនៅក្នុងភោជនីយដ្ឋានមួយកន្លែងត្រូវអតិថិជនទះកំផ្លៀងជាច្រើនដៃ បន្ទាប់ពីបុគ្គលិករូបនោះបានប្រាប់ឲ្យអតិថិជនពាក់ម៉ាស់ ដើម្បីការពារការចម្លងជំងឺ COVID-19 ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ហេតុកាណ៍បានកើតឡើងនៅក្នុងក្រុង Kuching នៃប្រទេសម៉ាឡេស៊ី ដែលជាទីកន្លែងមានបំរាមយ៉ាងតឹងរឹងចំពោះការពាក់ម៉ាស់។ ប្រភពខាងលើបានបន្តថា វាបានកើតឡើងក្នុងអំឡុងពេលដែលមានអតិថិជនជាប្តីប្រពន្ធមួយគូ ព្យាយាមដើរចូលទៅក្នុងភោជនីយដ្ឋានដើម្បីញ៉ាំអាហារ តែត្រូវបានបុគ្គលិកដែលរង់ចាំទទួលអតិថិជននៅខាងមុខហាងប្រាប់ពួកគាត់ឲ្យពាក់ម៉ាស់ ទើបអាចអនុញ្ញាតឲ្យចូលទៅក្នុងហាងបាន។ ឥរិយាបថនេះបានធ្វើឲ្យអតិថិជនជាប្តីប្រពន្ធខឹងយ៉ាងខ្លាំង ហើយពួកគាត់បាននិយាយថា គ្មានភោជនីយដ្ឋានណាមានច្បាប់តឹងរឹងយ៉ាងនេះទេ ព្រោះគេមកទៅនេះដើម្បីញ៉ាំអាហារ បើឲ្យគេពាក់ម៉ាស់តើគេអាចញ៉ាំអាហារបានយ៉ាងដូចម្តេច?

យ៉ាងណាក្តីបុគ្គលិកភោជនីយដ្ឋាននៅតែទទួចថា ខាងភោជនីយដ្ឋានតម្រូវឲ្យអតិថិជនត្រូវតែពាក់ម៉ាស់ដើម្បីគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយពេលចូលដល់តុញ៉ាំអាហារចាំដោះម៉ាស់ចេញវិញ។ បន្ទាប់ពីមានការជជែកទាំងកំហឹងបែបនេះហើយ អតិថិជនក៏បានស្ទុះទៅទះកំផ្លៀងបុគ្គលិកនោះជាច្រើនដៃ ហើយភ្លាមនោះមានបុគ្គលិកផ្សេងទៀតព្យាយាមទៅជួយសម្រួលដែរ តែក៏ត្រូវគេទះកំផ្លៀងជាច្រើនដៃបន្ថែមទៀតផងដែរ។ ក្រោយធ្វើសកម្មភាពហឹង្សានេះរួច ប្តីប្រពន្ធទាំង២នាក់ ក៏បានបើករថយន្តចេញបាត់ ខណៈហេតុការណ៍ទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពរបស់ភោជនីយដ្ឋាន សម្រាប់ប្រើប្រាស់ជាភស្តុតាំងដើម្បីប្ដឹងប៉ូលិស។ តាមបទបញ្ជាររបស់អាជ្ញាធរម៉ាឡេស៊ីបានកំណត់ថា អ្នកណាដែលមិនពាក់ម៉ាស់ពេលនៅកន្លែងសាធារណៈនឹងត្រូវពិន័យជាប្រាក់ចំនួន ១ ០០០ រីងហ្គីត (២៣៥ដុល្លារអាមេរិក) ឬត្រូវជាប់គុក ហើយសម្រាប់ករណីខាងលើនេះជនបង្កហេតុអាចត្រូវជាប់ទោសពីបទប្រើហឹង្សាដោយចេតនាលើរាងកាយអ្នកដទៃមួយករណីបន្ថែមទៀតផងដែរ៕


អត្ថបទ៖ភក្តី
ប្រភព៖World Of Buzz