កូរ៉េខាងជើងប្រកាសអាសន្នជាលើកដំបូងជុំវិញបញ្ហាសង្ស័យកើតមានជំងឺកូវីដ ១៩
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាសអាសន្នជាលើកដំបូងជុំវិញបញ្ហាជំងឺកូវីដ ១៩ បន្ទាប់ពីប្រទេសមួយនេះបានរកឃើញពលរដ្ឋម្នាក់ដែលកំពុងស្ថិតក្រោយការសង្ស័យថា បានឆ្លងនូវជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុន បានបើកការប្រជុំជាបន្ទាប់មួយជានឹងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ដែលកិច្ចប្រជុំនោះមានខ្លឹមសាររួមស្តីអំពី “ប្រព័ន្ធសង្គ្រោះបន្ទាន់ចំពោះជនរងគ្រោះនិងការផ្ដល់សញ្ញាអាសន្នជាបន្ទាន់” ក្នុងករណីដែលជំងឺកូវីដ ១៩ ពិតបានរាតត្បាតនៅក្នុងប្រទេសកូរ៉េខាងជើងប្រាកដមែន។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា ជនដែលត្រូវបានគេសង្ស័យថាបានឆ្លងជំងឺកូវីដ ១៩ នោះ គឺជាពលរដ្ឋកូរ៉េខាងជើងម្នាក់ដែលធ្លាប់រត់ចេញពីប្រទេសកាលពី ៣ ឆ្នាំមុន ហើយកាលពីថ្ងៃទី ១៩ កក្កដាកន្លងទៅនេះរូបគាត់បានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងវិញដោយខុសច្បាប់និងត្រូវបានគេឃាត់ខ្លួនចំណុចច្រកព្រំដែន។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងក្រុង Kaesong ដើម្បីតាមដានសុខភាព ខណៈក្រុមអ្នកជំនាញបានលើកឡើងថា រូបគាត់មានភាគរយខ្ពស់ណាស់ក្នុងការធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ក្រុមអ្នកជំនាញក៏បានព្រមានថា កូរ៉េខាងជើងចៀសមិនផុតពីត្រូវមានការរាតត្បាតដោយជំងឺកូវីដ ១៩ នោះទេ ព្រោះកូរ៉ខាងជើងមានព្រំប្រទល់ជាប់ប្រទេសចិននិងកូរ៉េខាងត្បូងដែលសុទ្ធតែជាកន្លែងផ្ទុះការរាតត្បាតមេរោគខ្លាំង ហើយនៅក្នុងរដូវរងាខាងមុខនេះទឹកទន្លេនៅតាមច្រកព្រំដែលមួយចំនួនអាចកកហើយគេអាចធ្វើដំណើរឆ្លងកាត់ប្រទេសដោយខុសច្បាប់តាមរយៈទន្លេនោះបានដោយងាយហើយពេលនោះឱកាសនៃការចម្លងជំងឺក៏មានខ្ពស់ដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះកូរ៉េខាងជើងមិនទាន់រកឃើញអ្នកជំងឺកូវីដ ១៩ សូម្បីតែមួយករណី៕

អត្ថបទ៖ភក្តី
ប្រភព៖Bangkok Post