ម៉ាឡេស៊ីសម្រេចបញ្ចុះតម្លៃម៉ាស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែសីហា ខាងមុខនេះតទៅ
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីគឺលោក Datuk Alexander Nanta Linggi បានប្រកាសជាសាធារណៈថា តម្លៃម៉ាស់នៅទូទាំងប្រទេសម៉ាឡេស៊ីនឹងបញ្ចុះតម្លៃបន្តិចចាប់ពីថ្ងៃទី ១៥ ខែ សីហាខាងមុខនេះតទៅ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា សម្រាប់ការលក់រាយតម្លៃម៉ាស់នឹងធ្លាក់ចុះពី ១,៥ វីងហ្គីត (០,៣៥ ដុល្លារអាមេរិក) មកសល់ត្រឹម ១,២ វីងហ្គីត (០,២៨ ដុល្លារអាមេរិក) ហើយសម្រាប់តម្លៃបោះដុំវិញក៏មានការធ្លាក់ចុះផងដែរ ដោយធ្លាក់ពី ១,៤៥ វីងហ្គីត (០,៣៤ ដុល្លារអាមេរិក) មកសល់ត្រឹម ១,១៥ វីងហ្គីត (០,២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះសម្រាប់ម៉ាស់មួយ។

ចំពោះមូលហេតុនៃការទម្លាក់តម្លៃម៉ាស់នេះវិញត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា ព្រោះតម្លៃនៃវត្ថុធាតុដើមសម្រាប់ផលិតម៉ាស់ក្នុងស្រុកក៏មានការថយចុះដែរ ខណៈពេលនេះម៉ាឡេស៊ីមានម៉ាស់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ និងសម្រាប់នាំចេញទៀតផង។ ដំណឹងនេះត្រូវបានប្រជាពលរដ្ឋម៉ាឡេស៊ីសាទរយ៉ាងខ្លាំង ព្រោះវានឹងជួយរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគេបានមួយផ្នែក ខណៈពួកគេកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងចំពោះប្រជាពលរដ្ឋដោយតម្រូវឲ្យពួកគេពាក់ម៉ាស់ជាចាំពេលចេញទៅកន្លែងសាធារណៈ ហើយចំពោះអ្នកមិនអនុវត្តវិធានការនេះនឹងត្រូវពិន័យជាប្រាក់ ឬជាប់គុកទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz