អន្តរជាតិ

ការសិក្សាមួយបង្ហាញថា អ្នករៀបការរួចមិនប្រាកដថាសប្បាយចិត្តជាងអ្នកនៅលីវប៉ុន្មានទេ

BY
autoadmin
July 28, 2020

ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ សាកលវិទ្យាល័យមីឈីហ្គែន បានរកឃើញថា មនុស្សដែលរៀបការហើយចំណាយពេលរាប់ឆ្នាំនៅជាមួយគ្នា មិនមានភាពរីករាយជាងអ្នកដែលចំណាយពេលក្នុងជីវិតនៅលីវប៉ុន្មាននោះទេ។ ការសិក្សាថ្មីនេះបានតាមដានលើមនុស្សចំនួន ៧,៥៣២នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ឆ្នាំ ដើម្បីមើលថាតើមាននរណាខ្លះដែលរាយការណ៍ពីភាពរីករាយក្នុងជីវិតពេលក្រោយរបស់ពួកគេ។ អ្នកចូលរួមទាំងអស់នោះមាន ៧៩% ជាមនុស្សដែលរៀបការនៅជាមួយគ្នា, ៨% នៅលីវឬចំណាយពេលជាមួយជីវិតគ្មានគ្រួសារ ខណៈដែល ១៣% ផ្សេងទៀតមានប្រវត្តិទំនាក់ទំនងចម្រុះ រវាងមានស្នេហា នៅលីវ លែងលះគ្នា រៀបការម្តងទៀត ឬក្លាយជាអ្នកមេម៉ាយ។

បន្ទាប់ពីបានសាកសួរអ្នកចូលរួមដើម្បីវាយតម្លៃកម្រិតសុភមង្គលទូទៅរបស់ពួកគេ អ្នកស្រាវជ្រាវបានរកឃើញថា ទោះបីជាក្រុមអ្នករៀបការមានសុភមង្គលបន្តិចក៏ដោយ ប៉ុន្តែពួកគេមិនមានភាពរីករាយដាច់ឆ្ងាយជាងអ្នកដែលនៅលីវប៉ុន្មានទេ។ ការសិក្សាបានរកឃើញថា អ្នករៀបការនៅជាមួយគ្នា ៤នាក់ ក្នុងចំណោម ៥នាក់ មានភាពសប្បាយរីករាយខ្លាំងក្នុងជីវិតពួកគេ ខណៈអ្នកមានជីវិតនៅលីវមាន ៣.៨២ ហើយអ្នកដែលមានប្រវត្តិចម្រុះក៏មាន ៣.៧ ផងដែរ។ ទោះបីជាការរៀបការត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតសុភមង្គលខ្ពស់ក៏ដោយ ប៉ុន្តែការរកឃើញថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិចិត្តវិទ្យាវិជ្ជមាន (Journal of Positive Psychology) បានបង្ហាញថា ការរៀបការមិនធ្វើឱ្យអ្នកសប្បាយចិត្តជាងគេប៉ុន្មានទេ។

អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការស្រាវជ្រាវពីមុនមានទំនោរមើលទៅលើជីវិតរៀបការនៅក្នុងពេលវេលាមួយ ឬក្នុងរយៈពេលខ្លីមួយ ចំណែកឯការសិក្សាថ្មីនេះ គឺជាផ្នែកមួយនៃការរកមើលកម្រិតសុភមង្គលរបស់មនុស្សគ្រប់ប្រភេទថ្នាក់នៅថ្ងៃខាងមុខរបស់ពួកគេ ថាតើស្ថានភាពដៃគូអាចមានឥទ្ធិពលចំពោះការរស់នៅរបស់ពួកគេឬយ៉ាងណា។ មនុស្សមួយចំនួនគិតថា ការរៀបការនឹងធ្វើឱ្យជីវិតពួកគេរីករាយ ប៉ុន្តែការពិតទៅមនុស្សមួយចំនួនអាចនឹងកាន់តែគ្មានភាពរីករាយបន្ទាប់ពីមានដៃគូ ឬរៀបការរួច។ ដូច្នេះវាមិនសំខាន់លើរឿងរៀបការទេ គឺសំខាន់លើគំនិតបុគ្គលនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Science Daily, Malay Mail

Share This Post: