ការស្ទង់មតិមួយបង្ហាញថា ជនជាតិអាមេរិក ៥៣% ចង់ឱ្យប្រទេសចិនជាអ្នកសងថ្លៃខូចខាតដោយសារជំងឺកូវីដ១៩
ការស្ទង់មតិមួយបង្ហាញថា ជនជាតិអាមេរិកចំនួន ៥៣% គិតថា ប្រទេសចិនគួរតែជាអ្នកចំណាយថ្លៃខូចខាតនៃជំងឺរាតត្បាត COVID-19 ហើយវាគឺជាការកើនឡើង ១១% ចាប់តាំងពីសំណួរដដែលត្រូវបានសួរនៅក្នុងខែមីនា។ ក្រុមហ៊ុនបោះឆ្នោតស្ទង់មតិឈ្មោះ Rasmussen Reports បានស្ទាបស្ទង់លើមនុស្សប្រហែល ១,០០០ នាក់ នៅសហរដ្ឋអាមេរិកទាំងតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណេត ចាប់ពីចន្លោះថ្ងៃទី២៣ និងទី២៦ ខែកក្កដានេះផ្ទាល់។ តួលេខស្ទង់មតិរបស់ក្រុមហ៊ុនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ៥០% នៃអ្នកបោះឆ្នោតអាមេរិកទំនងជាមានអារម្មណ៍ថា ប្រទេសចិនគឺជាអ្នកទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺ COVID-19។

បើគិតតាមគណបក្សនយោបាយរបស់សហរដ្ឋអាមេរិកវិញ គឺ ៧២% នៃគណបក្សសាធារណរដ្ឋ និង ៣៧% នៃគណបក្សប្រជាធិបតេយ្យប្រកាន់ជំហរថាប្រទេសចិនត្រូវទទួលខុសត្រូវចំពោះការរីករាលដាលនេះ។ របាយការណ៍និយាយថា អ្នកដែលស្តីបន្ទោសប្រទេសចិនទំនងជាយល់ស្របជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះការឆ្លើយតបរបស់គាត់ទៅប្រទេសចិន។ គួររំលឹកដែរថា លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតសំដៅទៅលើជំងឺ COVID-19 នេះថាជា «វីរុសចិន» ជាក់ស្តែងគឺក្នុងគោលបំណងបង្វែរការស្តីបន្ទោស ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងលើរដ្ឋបាលរបស់គាត់ ខណៈចំនួននៃការឆ្លងបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិកទប់មិនជាប់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK, Rasmussen Reports