អាណោធអាធ័មណាស់ទារកចំនួន ៧នាក់នៅហ្សីមបាវេបានស្លាប់ក្នុងមន្ទីរពេទ្យតែមួយ ព្រោះគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទាន់ពេល
ហ្សីមបាវេ៖ រូបភាពមួយសន្លឹកកំពុងធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោករំជួលចិត្តយ៉ាងខ្លាំងដោយរូបភាពនោះបានបង្ហាញថា មានសាកសពទារកចំនួន ៧នាក់ ត្រូវបានគេរុំនឹងកន្សែងហើយយកមកដាក់តម្រៀបគ្នានៅលើធ្នើរមួយយ៉ាងអាណោធអាធ័មជាទីបំផុត។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា រូបភាពនេះត្រូវបានគេថតចេញពីមន្ទីរពេទ្យ Harare Central Hospital ក្នុងប្រទេសហ្សីមបាវេ។ ប្រភពខាងលើបានបញ្ជាក់ថា ទារកទាំងអស់នោះសុទ្ធតែបានស្លាប់មុនពេលចាប់កំណើត ឬស្លាប់មុនពេលសម្រាលចេញពីផ្ទៃម្តាយហើយពួកគេបានស្លាប់នៅក្នុងថ្ងៃមួយនិងក្នុងមន្ទីរពេទ្យតែមួយ។

បើតាមលោកវេជ្ជបណ្ឌិត Peter Magombeyi ដែលជាប្រធានមន្ទីរពេទ្យខាងលើបានប្រាប់អ្នកសារព័ត៌មានថា ហេតុផលដែលជំរុញឲ្យទារកខាងលើនេះស្លាប់ក៏ព្រោះតែសុខភាពម្តាយរបស់ពួកចុះខ្សោយខ្លាំង ហើយការវះកាត់ជួយសង្គ្រោះមិនបានធ្វើឡើងទាន់ពេលវេលានោះទេ។ វេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងថ្ងៃកើតហេតុនោះមានស្រ្តីមានផ្ទៃពោះចំនួន ៨នាក់ឯណោះ ដែលត្រូវមកសម្រាលកូនក្នុពេលដំណាលគ្នា ហើយដោយខាងមន្ទីរពេទ្យពុំមានបុគ្គលិកច្រើនគ្រប់គ្រាន់ទើបការធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះមានភាពយឺតយ៉ាវខ្លាំងរហូតថ្លោះធ្លោយឲ្យមានករណីស្លាប់ទារកនេះតែម្តង។
សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនវិញបានលើកឡើងថា បញ្ហានេះទំនងជាជាប់ពាក់ព័ន្ធជាមួយនឹងវិបត្តិកូវីដ ១៩ ផងដែរ ព្រោះពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសហ្សីមបាវេក៏កំពុងជាប់ដៃប្រយុទ្ធជាមួយនឹងការរាតត្បាតជំងឺផងដែរ ដោយគិតត្រឹមពេលនេះហ្សីមបាវេមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២ ៨៧៩ ករណី និងស្លាប់ចំនួន ៤១ ករណីផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail