WHO៖ ប្រទេសនានាគួរផ្តល់អាទិភាពដល់សេវាចាំបាច់ និងបន្ធូរបន្ថយសម្រាប់ការធ្វើដំណើរក្នុងស្ថានភាពបន្ទាន់
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បាននិយាយថា ប្រទេសនានាគួរតែបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ ដោយផ្អែកលើការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ ហើយត្រូវផ្តល់អាទិភាពដល់ការធ្វើដំណើរចាំបាច់សម្រាប់ភាពអាសន្ន។ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា អាទិភាពគួរតែត្រូវបានផ្តល់ឱ្យសម្រាប់ការធ្វើដំណើរចាំបាច់ក្នុងភាពអាសន្ន សកម្មភាពមនុស្សធម៌ ការធ្វើដំណើររបស់បុគ្គលិកចាំបាច់ និងការធ្វើមាតុភូមិនិវត្តន៍។ ការកើនឡើងនៃការឆ្លងថ្មីនៅក្នុងផ្នែកជាច្រើននៃពិភពលោក បានបង្ខំឱ្យប្រទេសជាច្រើនផ្តល់សិទ្ធិឡើងវិញ ចំពោះការរឹតត្បិតការធ្វើដំណើរមួយចំនួន។

អង្គការសុខភាពពិភពលោកឥឡូវនេះ បានជំរុញឱ្យប្រទេសនីមួយៗធ្វើការវិភាគភាពប្រថុយប្រថានដោយខ្លួនឯង និងសម្រេចចិត្តលើអាទិភាពរបស់ខ្លួនមុនពេលបន្តដំណើរអន្តរជាតិ។ នៅក្នុងការប្រឹក្សាអំពីការធ្វើដំណើរចុងក្រោយរបស់ខ្លួន អង្គការសុខភាពពិភពលោកបាននិយាយថា បណ្តាប្រទេសនានាត្រូវតែគិតគូរពីរោគរាតត្បាត និងការចម្លងតាមមូលដ្ឋាន វិធានការសុខភាព និងសង្គមជាតិដែលមានរួចស្រេច។ អង្គការសុខភាពពិភពលោកបាននិយាយថា ប្រសិនបើប្រទេសនានាជ្រើសរើសការដាក់អ្នកដំណើរឱ្យនៅដាច់ដោយឡែកពីគ្នានៅពេលពួកគេមកដល់ ពួកគេត្រូវតែធ្វើដូច្នេះបន្ទាប់ពីវាយតម្លៃហានិភ័យបែបនេះ ហើយពិចារណាលើកាលៈទេសៈក្នុងតំបន់។ មិនអាចមាន «ហានិភ័យសូន្យ» នោះទេ នៅក្នុងការធ្វើដំណើរអន្តរជាតិទាំងចេញនិងចូល។

កាលពីដើមសប្តាហ៍នេះ WHO បាននិយាយថា ការហាមប្រាមការធ្វើដំណើរអន្តរជាតិមិនអាចធ្វើទៅជារៀងរហូតបានទេ ហើយប្រទេសនានានឹងត្រូវធ្វើការបន្ថែមទៀតដើម្បីកាត់បន្ថយការរីករាលដាលនៃ COVID-19 នៅក្នុងព្រំដែនរបស់ពួកគេ។ WHO បាននិយាយកាលពីខែមុនថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំការធ្វើដំណើររបស់ខ្លួន ឱ្យមុនថ្ងៃឈប់សម្រាករដូវក្តៅនាពេលខាងមុខ។ កាលពីដើមខែកក្កដាវាបានជំរុញឱ្យអ្នកដំណើរពាក់ម៉ាស់លើយន្ដហោះ ហើយត្រូវដឹងពីករណីជំងឺ COVID-19 ដោយខ្លួនឯង ខណៈករណីបានកើនឡើងជាថ្មីនៅក្នុងប្រទេសមួយចំនួន។ ការណែនាំពីមុនរបស់អង្គការសុខភាពពិភពលោកសម្រាប់អ្នកដំណើរបានរួមបញ្ចូលដំបូន្មានទូទៅ ដែលអាចអនុវត្តបានចំពោះការកំណត់ផ្សេងទៀត ដូចជាការរក្សាគម្លាត ការលាងដៃ និងជៀសវាងការប៉ះភ្នែក ច្រមុះ ឬមាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia