លោក Rodrigo Duterte ណែនាំឱ្យប្រើសាំងសម្រាប់សម្លាប់មេរោគលើម៉ាស់ ហើយថាគាត់មិនបាននិយាយលេងនោះទេ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រាប់ពលរដ្ឋរបស់គាត់ជាថ្មីម្ដងទៀត ឱ្យសម្លាប់មេរោគលើម៉ាស់ដោយប្រើសាំង ហើយថាគាត់មិនបាននិយាយលេងទេ។ គួរឱ្យដឹងដែរថា លោកប្រធានាធិបតី Rodrigo Duterte ធ្លាប់បានប្រាប់បែបនេះទៅកាន់ពលរដ្ឋរបស់គាត់ម្ដងរួចហើយ កាលពីសប្ដាហ៍មុន ប៉ុន្តែក្រុមមន្ត្រីបានចេញមុខជួយកែអនុសាសន៍របស់គាត់ ដោយនិយាយថាគាត់គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយលើកនេះគាត់បានលើកឡើងម្ដងទៀត ហើយថែមទាំងទទូចថាមិនបានលេងសើចនោះទេ។

ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយសង្កត់ធ្ងន់ថា៖«អ្វីដែលខ្ញុំបាននិយាយគឺជាការពិត … ទៅស្ថានីយប្រេងសាំងទៅ»។ លោកនិយាយថា អ្នកដែលគ្មានសមត្ថភាពទិញគ្រឿងសម្រាប់ការសម្អាត អាចប្រើសាំងដើម្បីសម្លាប់មេរោគលើម៉ាស់របស់ពួកគេ ហើយហាលវាឱ្យស្ងួតទុកប្រើពេលក្រោយបាន។ ការពិតទៅវាគ្មានភស្តុតាងណាអាចបញ្ជាក់បានថា សាំងអាចសម្លាប់មេរោគ COVID-19 បាននោះទេ វាមានតែបង្កើនហានិភ័យនៃការឆាបឆេះ ហើយនៅជាមួយវាយូរក៏មិនល្អដែរ ប៉ុន្តែលោកប្រធានបាននិយាយថាគាត់មិនបានលេងសើចនោះទេ។ ថ្វីបើលោក Rodrigo Duterte បានបញ្ជាក់បែបនេះពិតមែន ប៉ុន្តែពលរដ្ឋរបស់គាត់ខ្លះនិយាយថា គាត់ដឹកនាំហ្វីលីពីន៤ឆ្នាំហើយ គួរតែដឹងថាគាត់និយាយលេងឬមែន៕



អត្ថបទ៖ លីដា
ប្រភព៖ BBC