ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ត្រាំ ថា នឹងបិទកម្មវិធី TikTok របស់ចិន មិនឲ្យដំណើរការនៅលើទឹកដីអាមេរិក ឆាប់ៗខាងមុខនេះ

    BY autoadmin August 1, 2020
    លោក ដូណាល់ត្រាំ ថា នឹងបិទកម្មវិធី TikTok របស់ចិន មិនឲ្យដំណើរការនៅលើទឹកដីអាមេរិក ឆាប់ៗខាងមុខនេះ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃសុក្រទី ៣១ ខែកក្កដា ម្សិលមិញនេះបានថ្លែងថា លោកនឹងបញ្ជាឲ្យគេបិទកម្មវិធីទូរស័ព្ទដ៏ពេញនិយមមួយគឺកម្មវីធី TikTok នៅលើទឹកដីអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានបញ្ជាក់ផងដែរថា ដំណើរការនៃបិទមិនឲ្យមានវត្តមានកម្មវីធី TikTok នៅលើទឹកដីអាមេរិកនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែ សីហា​ នេះទៅហើយ ពោលគឺគ្រាន់តែលោក ដូណាល់ត្រាំ និយាយភ្លាមគេត្រូវអនុវត្តភ្លាមតែម្តង។ ចំពោះហេតុផលដែលជម្រុញឲ្យមានការហាមឃាត់កម្មវិធីទូរស័ព្ទក៏មានប្រជាប្រិយនេះត្រូវបានអាមេរិកអះអាងថា​ ដើម្បីការពារសន្តិសុខជាតិអាមេរិក ព្រោះកម្មវិធី TikTok អាចគ្រប់គ្រងទិន្នន័យរបស់ពលរដ្ឋអាមេរិកគ្រប់រូបបាន។

    សូមបញ្ជាក់ថា TikTok ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយជារឿយៗអាមេរិកតែងចោទថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនតែងជួយលួចស៊ើបការសម្ងាត់ឲ្យរដ្ឋាភិបាលចិនជានិច្ច។ ByteDance ជាក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលបានបង្កើតកម្មវិធីទូរស័ព្ទជាច្រើនហើយក្រុមហ៊ុនមួយនេះមានតម្លៃសរុបប្រមាណជា ១០០ ពាន់លានដុល្លារអាមេរិក ខណៈកម្មវិធី TikTok តែមួយមានតម្លៃប្រមាណជា ៦៥ ពាន់លានដុល្លារអាមេរិកទៅហើយ។

    ឆ្លើយតបនឹងការសម្រេចរបស់អាមេរិកខាងលើនេះ តំណាងក្រុមហ៊ុន ByteDance បានលើកឡើងថា កម្មវិធី TikTok គឺទទួលបានជោគជ័យខ្លាំងបំផុតមិនចាញ់កម្មវិធីមួយចំនួនរបស់អាមេរិកឡើយ ហើយពួកយើងជាក្រុមហ៊ុនឯករាជមិនធ្វើការឲ្យរដ្ឋាភិបាលឡើយ។ បើក្រឡេកទៅមើលជម្លោះរវាងចិននិងអាមេរិកវិញហាក់បន្តកាន់តែខ្លាំងឡើងៗហើយមានទាំងសង្គ្រាមពាណិជ្ជកម្មដ៏រ៉ាំរ៉ៃ និងបញ្ហាការទូតដ៏ធ្ងន់ធ្ងរទៀតផងការពីពេលថ្មីៗនេះ ដោយអាមេរិកបានបិទស្ថានកុងស៊ុលចិននៅទឹកដីអាមេរិកជាបន្ទាន់ ហើយចិនក៏បានបិទនិងបំផ្លាញស្ថានកុងស៊ុលអាមេរិកនៅទឹកដីចិនភ្លាមៗវិញផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Straits Times

    Share This Post: