អង់គ្លេសបានហាមឃាត់តំបន់ភាគខាងជើងរបស់ខ្លួន មិនឱ្យមានការជួបជុំគ្នា ឬទៅលេងតាមផ្ទះនោះទេ ដោយសារមានការកើនឡើងនៃករណីថ្មីៗ
ពលរដ្ឋរាប់លាននាក់នៅផ្នែកខ្លះនៃភាគខាងជើងនៃប្រទេសអង់គ្លេសឥឡូវនេះកំពុងប្រឈមនឹងការរឹតត្បិតថ្មីមួយទៀត ដោយអាជ្ញាធររបស់ពួកគេហាមឃាត់ក្រុមគ្រួសារនានាមិនឱ្យជួបគ្នានៅតាមផ្ទះនោះទេ បន្ទាប់ពីមានការកើនឡើងនៃករណីជំងឺ COVID-19 នាពេលថ្មីៗនេះ។ ច្បាប់នេះជះឥទ្ធិពលដល់ប្រជាជននៅ Greater Manchester ភាគខាងកើត Lancashire និងផ្នែកខ្លះនៃ West Yorkshire ។ លេខាធិការសុខាភិបាល Matt Hancock បានប្រាប់ BBC ថា ការកើនឡើងនៃការឆ្លងគឺដោយសារតែមនុស្សទៅលេងមិត្តភក្តិ និងសាច់ញាតិ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តបែបនេះដោយផ្អែកលើស្ថិតិ ដោយវាបានបង្ហាញថាការឆ្លងរាលដាលថ្មីៗបានបណ្ដាលមកពីការជួបជុំគ្នា។ ច្បាប់បិទទ្វារថ្មីនេះបានចូលជាធរមានទាំងកណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍មានន័យថា ប្រជាជនមកពីគ្រួសារផ្សេងៗគ្នានឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នានៅក្នុងផ្ទះ ឬតាមសួនច្បារឯកជនទេ។ ពួកគេក៏ហាមឃាត់សមាជិកនៃគ្រួសារពីរផ្សេងគ្នាមិនឱ្យជុំគ្នានៅក្នុងហាងស្រា និងភោជនីយដ្ឋាន ទោះបីជាគ្រួសារនីមួយៗនៅតែអាចចេញទៅទីតាំងបែបនេះក៏ដោយ។
ការផ្លាស់ប្តូរនេះកើតឡើងនៅពេលសហគមន៍មូស្លីម កំពុងរៀបចំដើម្បីអបអរពិធីបុណ្យ Eid នៅចុងសប្តាហ៍នេះ ហើយប្រទេសអង់គ្លេសក៏ទើបតែបន្ធូរបន្ថយការរឹតត្បឹតបាន ៤ សប្ដាហ៍ប៉ុណ្ណោះ។ ការរឹតបន្តឹងដូចគ្នានឹងត្រូវបានអនុវត្តនៅក្នុង Leicester ដូចគ្នា។ ទោះយ៉ាងណាហាងស្រា ភោជនីយដ្ឋាន និងទីតាំងផ្សេងៗទៀត នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការជាថ្មីនៅក្នុងទីក្រុងចាប់ពីថ្ងៃច័ន្ទនេះតទៅ ខណៈវិធានការណ៍តឹងរ៉ឹងមួយចំនួនត្រូវបានកាត់បន្ថយ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC