ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅហ្វីលីពីនជាង ១លាននាក់ ស្នើឱ្យលោក Rodrigo Duterte បិទទ្វារប្រទេសម្ដងទៀត ដោយសារប្រយុទ្ធលែងឈ្នះជំងឺកូវីដ១៩ហើយ

    BY autoadmin August 1, 2020
    វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅហ្វីលីពីនជាង ១លាននាក់ ស្នើឱ្យលោក Rodrigo Duterte បិទទ្វារប្រទេសម្ដងទៀត ដោយសារប្រយុទ្ធលែងឈ្នះជំងឺកូវីដ១៩ហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅហ្វីលីពីនជាង ១លាននាក់ បាននិយាយថាប្រទេសហ្វីលីពីនកំពុងចាញ់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបានជំរុញឱ្យប្រធានាធិបតីលោក Rodrigo Duterte រៀបចំឡើងវិញនូវការបិទទ្វារយ៉ាងតឹងរឹងទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល។

    នៅក្នុងការអំពាវនាវដ៏ធំបំផុតពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដើម្បីទប់ស្កាត់ជំងឺនេះ មានក្រុមចំនួន ៨០ ដែលតំណាងឱ្យវេជ្ជបណ្ឌិត ៨០,០០០ នាក់ និងគិលានុបដ្ឋាយិកាចំនួនប្រមាណ ១លាននាក់ បានព្រមានអំពីការដួលរលំនៃប្រព័ន្ធសុខាភិបាល ដោយសារមិនមានការត្រួតពិនិត្យតឹងរ៉ឹងនៅក្នុងរាជធានី និងខេត្តក្បែរនោះ។ គួរឱ្យដឹងដែរថា ហ្វីលីពីនកាលពីថ្ងៃសុក្របានកត់ត្រាការឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួនជាលើកទី២ ដោយមានអ្នកឆ្លងជំងឺថ្មីចំនួន ៤,០៦៣នាក់។

    វិមានប្រធានាធិបតីបាននិយាយថា ពួកគេនឹងរួមបញ្ចូលការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងការប្រជុំនាពេលអនាគតដើម្បីដោះស្រាយបញ្ហានេះ ព្រោះការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាគឺមិនគ្រប់គ្រាន់នោះទេ។ រំលឹកដែរថា កាលពីពាក់កណ្តាលខែមីនា លោក Rodrigo Duterte បានដាក់ការបិទទ្វារ និងតឹងរឹងបំផុតមួយនៅលើពិភពលោក សម្រាប់រដ្ឋធានីម៉ានីល និងខេត្តដទៃទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ ប៉ុន្តែនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយនៅក្នុងខែមិថុនា ដែលអនុញ្ញាតឱ្យមានចលនាសេរីរបស់ប្រជាជន និងការបើកអាជីវកម្មឡើងវិញ។

    ប៉ុន្តែចាប់តាំងពីពេលនោះមកការឆ្លងជំងឺ COVID-19 បានកើនឡើង ៥ដង ដល់ចំនួន ៩៣,៣៥៤ករណី ហើយចំនួនអ្នកស្លាប់កើនឡើងទ្វេដង ដល់ ២,០២៣នាក់។ បុគ្គលិកថែទាំសុខភាពមកពីគ្រប់មុខងារ បានអំពាវនាវឱ្យមានការបិទទ្វាររយៈពេល ២សប្តាហ៍ នៅក្នុងរដ្ឋធានី និងខេត្តនៅភាគខាងត្បូងនៃប្រទេសនេះរហូតដល់ពាក់កណ្តាលខែសីហា។ គួរឱ្យដឹងដែរថា តំបន់រដ្ឋធានីនិងបណ្តាខេត្តដែលនៅក្បែរនោះ គឺទទួលខុសត្រូវលើសេដ្ឋកិច្ចរបស់ហ្វីលីពីនទាំងមូលរហូតដល់ទៅ ២ ភាគ ៣ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: