ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដទប់មិនទាន់ជាប់ផង ឥឡូវនេះអាមេរិកមានករណីផ្ទុះឡើងនៃមេរោគមួយទៀត រកឃើញក្នុងខ្ទឹមក្រហម ហើយកំពុងឆ្លងដល់មនុស្សប្រហែល ៤០០នាក់

    BY autoadmin August 3, 2020
    កូវីដទប់មិនទាន់ជាប់ផង ឥឡូវនេះអាមេរិកមានករណីផ្ទុះឡើងនៃមេរោគមួយទៀត រកឃើញក្នុងខ្ទឹមក្រហម ហើយកំពុងឆ្លងដល់មនុស្សប្រហែល ៤០០នាក់

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងមានការផ្ទុះឡើងនៃការឆ្លងមេរោគ Salmonella Newport ដែលរកឃើញនៅលើប្រភេទខ្ទឹមក្រហមនិងខ្ទឹមបារាំង ហើយពេលនេះវាបានឆ្លងដល់មនុស្សជិត ៤០០ នាក់ហើយ។ ខ្ទឹមទាំងនោះត្រូវបានចែកចាយដោយក្រុមហ៊ុន Thomson International Inc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយឥឡូវនេះក្រុមហ៊ុនកំពុងប្រកាសប្រមូលខ្ទឹមបារាំងនេះមកវិញ ដោយសារហានិភ័យនៃមេរោគ​ Salmonella ។

    ខ្ទឹមទាំងនោះត្រូវបានគេដឹងថា បានវេចខ្ចប់ដោយ Thomson International Inc ទៅក្នុងប្រ៊េនចំនួន ១១ របស់ខ្លួនរួមមាន៖ Thomson Premium, TLC Thomson International, Tender Loving Care, El Competitor, Hartley’s Best, Onions 52, Majestic, Imperial Fresh, Kroger, Utah Onions និង Food Lion។ រដ្ឋបាលចំណីអាហារនិងឱសថ និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ បានជំរុញឱ្យអតិថិជន អ្នកលក់រាយ និងភោជនីយដ្ឋានបោះចោលផលិតផលរបស់ Thomson International Inc រួមទាំងខ្ទឹមបារាំងណាដែលមិនបង្ហាញពីប្រភពដើម។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកបានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យមានមនុស្សចំនួន ៣៩៦នាក់ បានឆ្លងជំងឺទាក់ទងនឹងមេរោគ Salmonella នៅក្នុងរដ្ឋចំនួន ៣៤ ហើយករណីចំនួន ៥៩ ក្នុងចំណោមនោះ តម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ គួរឱ្យដឹងដែរថា ការឆ្លងមេរោគ Salmonella អាចបណ្តាលឱ្យមានអាការរាក, ក្តៅខ្លួន, រមួលពោះ និងរោគសញ្ញាផ្សេងទៀត។ ប៉ុន្តែយ៉ាងណាមនុស្សភាគច្រើនអាចជាមកវិញដោយមិនត្រូវការការព្យាបាល គ្រាន់តែវាមានការរំខានអំឡុងពេលពុល៕

    អត្ថបទ៖ លីដា
    ប្រភព៖ Fox Business

    Share This Post: