ខ្លាចឆ្លងកូវីដ១៩តាមលុយ ក៏ប្រើវិធី២យ៉ាងនេះ ចុងក្រោយចូលដើម ខ្ទេចលុយអស់មិនចេះតិច
កូរ៉េខាងត្បូង៖ ដោយសាតែភាពភ័យខ្លាចនៃការចម្លងមេរោគកូវីដ ១៩ តាមរយៈក្រដាសប្រាក់ ប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបាននាំគ្នាយកក្រដាសប្រាក់ទៅសម្អាតតាមវិធីផ្សេងៗ តែលទ្ធផលដែលពួកគេទទួលបាននោះគឺសុទ្ធតែអវិជ្ជមានទាំងអស់ ពោលគឺក្រដាសប្រាក់របស់ពួកគេត្រូវរងនូវការបំផ្លាញយ៉ាងខ្លាំង ហើយក្រដាសប្រាក់ខ្លះខូចខាតប្រើប្រាស់លែងបានទាំងស្រុកតែម្តង។ បើយោងតាមសារព័ត៌មាន Times of India ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌាបានលើកយកករណីធំៗចំនួន ២ ដែលបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងមកចុះផ្សាយដើម្បីទុកជាការដាសតឿនដល់ប្រជាពលរដ្ឋខ្លួន និងប្រជាពលរដ្ឋផ្សេងទៀតនៅជុំវិញពិភពលោកឲ្យមានការប្រុងប្រយ័ត្ននិងកុំអនុវត្តតាម ដែលករណីទាំងនោះរួមមាន៖

-ករណីទី ១៖ បានកើតឡើងកាលពីដើមឆ្នាំ ២០២០ គឺលោក Kim បានយកក្រដាសប្រាក់ជាច្រើនសន្លឹកដែលមានតម្លៃសរុបចំនួន ៥.២ លានវ៉ុន (៤,៣៧០ដុល្លារអាមេរិក) ទៅដាក់ចម្អិននៅក្នុងម៉ាស៊ីន Microwave ដើម្បីសម្លាប់មេរោគ ហើយលទ្ធផលគឺក្រដាសប្រាស់ទាំងនោះត្រូវឆេះ តែសំណាងល្អក្រដាសប្រាក់ភាគច្រើនគ្រាន់តែឆេះក្នុងកម្រិតតិចតួចដែលគាត់អាចទៅប្តូរយកក្រដាសប្រាក់ថ្មីពីធនាគារកូរ៉េខាងត្បូងវិញបាន។
-ករណីទី ២៖ បានកើតឡើងកាលពីដើមឆ្នាំដូចគ្នាដោយបុរសជាម្ចាស់ប្រាក់បានយកក្រដាស ៥០,០០០ វ៉ុន (៤២ ដុល្លារអាមេរិក) ជាច្រើនសន្លឹក (ដោយមិនដឹងពីចំនួនពិតប្រាកដ) ទៅដាក់លាងសម្អាតក្នុងម៉ាស៊ីនបោកខោអ៊ាវហើយលទ្ធផលគឺក្រដាសប្រាក់ទាំងនោះត្រូវខូចខ្ទេចខ្ទី ហើយបន្ទាប់មកគាត់ក៏បានយកប្រដាសប្រាក់ទាំងនោះទៅប្តូរនៅធនាគារវិញតែគេអាចធ្វើការប្តូរប្រាក់ជូនគាត់បានប្រហែលជាពាក់កណ្តាលនៃចំនួនលុយសរុបរបស់គាត់ប៉ុណ្ណោះ ដោយក្រដាសប្រាក់ពាក់កណ្តាលផ្សេងទៀតត្រូវម៉ត់ខ្ទេចតែម្តង។ បើតាមការប៉ាន់ស្មានរបស់មន្ត្រីធនាគារ ទឹកប្រាក់សរុបក្នុងករណីនេះអាចមានទំហំរហូតដល់ ២៣ លានវ៉ុន (១៩,៣២០ ដុល្លារអាមេរិក) ឯណោះ។
សូមប្រិយមិត្តទាំងអស់កុំសាកល្បងសម្អាតក្រដាសប្រាក់តាមវិធីដូចបានជម្រាបជូនខាងនេះឲ្យសោះចៀសវាងមានការខាតបង់ និងកើតរឿងស្តាយក្រោយឥតប្រយោជន៍៕

អត្ថបទ៖ ភក្តី
ប្រភព៖ Times of India