ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុតមេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji ដែលបានបង្កឱ្យមានការរាតត្បាតជំងឺកូវីដ១៩​ ទ្រង់ទ្រាយធំនៅកូរ៉េខាងត្បូង ត្រូវបានគេចាប់ខ្លួន

    BY autoadmin August 3, 2020
    ទីបំផុតមេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji ដែលបានបង្កឱ្យមានការរាតត្បាតជំងឺកូវីដ១៩​ ទ្រង់ទ្រាយធំនៅកូរ៉េខាងត្បូង ត្រូវបានគេចាប់ខ្លួន

    យោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji ដែលជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតនៅកូរ៉េខាងត្បូង។ ប្រភពបាននិយាយថា លោក Lee Man-hee អាយុ ៨៨ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយការឆ្លងជំងឺ COVID-19 ទាក់ទងជាមួយព្រះវិហារនោះ គឺមានរហូតដល់ទៅ ៥,០០០ ករណី ដែលស្មើនឹង ៣៦% នៃចំនួនឆ្លងសរុបរបស់កូរ៉េខាងត្បូងទាំងមូល។ អាជ្ញាធរបានចោទប្រកាន់គាត់ពីបទ លាក់បាំងព័ត៌មានអំពីសមាជិកក្រុមនិងការប្រមូលផ្ដុំ នៅពេលដែលក្រុមអ្នកជំនាញចុះស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនង។

    លោក Lee Man-hee ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍បន្ទាប់ពីការស៊ើបអង្កេត ហើយចៅក្រមបាននិយាយថា មានសញ្ញាដែលបង្ហាញថាភស្តុតាងទាក់ទងនឹងករណីនេះកំពុងត្រូវបានបំផ្លាញចោល។ លោក Lee Man-hee ក៏ត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់ ៥.៦ ពាន់លានវ៉ុន (៤.៧លានដុល្លារ) និងប្រារព្ធព្រឹត្តិការណ៍សាសនាដែលមិនមានការយល់ព្រមពីអាជ្ញាធរ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយវិហារ Shincheonji បាននិយាយថា លោក Lee Man-hee មានការព្រួយបារម្ភអំពី «សំណើហួសហេតុ» សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក ហើយមិនដែលព្យាយាមរារាំងការស៊ើបអង្កេតនោះទេ។

    សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ការចេញដីកាចាប់ខ្លួនរបស់តុលាការមិនមានន័យថា វាជាសាលក្រមដែលបញ្ជាក់ថាគាត់មានពិរុទ្ធទេ រហូតទាល់តែឆ្លងកាត់ការកាត់ក្ដីនាពេលខាងមុខបន្ដទៀត។ គួរឱ្យដឹងដែរថា ក្រុមសាសនានេះមានសមាជិនចំនួន ២៣០,០០០នាក់ រួមមានសមាជិកចំនួន ២០,០០០ នៅបរទេសដូចជាប្រទេសចិន​ ជប៉ុន និងផ្នែកមួយចំនួននៅអាស៊ីអាគ្នេយ៍។ គេជឿជាក់ថា សមាជិកនៃព្រះវិហារនេះបានចម្លងគ្នាពីមួយទៅមួយ ហើយបែកចេញទៅទូទាំងប្រទេសអំឡុងខែកុម្ភៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: