ពលរដ្ឋនៅក្រុងដាណាង ៧នាក់ ប្រឈមនឹងការផាកពិន័យក្នុងម្នាក់ជាង ៣០០ដុល្លារ ដោយសារជុំគ្នាស៊ីផឹកល្មើសបំរាម
វៀតណាម៖ បុរស ៧នាក់ មកពីក្រុងដាណាងប្រឈមនឹងការផាកពិន័យ ៧.៥ លានដុង (៣២១ដុល្លារ) ចំពោះការប្រមូលផ្ដុំគ្នាផឹកស៊ី ខុសពីបំរាមរបស់រដ្ឋដែលតម្រូវឱ្យមានការរក្សាគម្លាត ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ អាជ្ញាធរនៅសង្កាត់ Nai Hien Dong បានណែនាំឱ្យរដ្ឋបាលស្រុក Son Tra ពិន័យបុរសទាំងនោះ ហើយឥឡូវអាជ្ញាធរកំពុងរងចាំការឆ្លើយតប។ ហេតុការណ៍កើតឡើងនៅម៉ោង ១១យប់ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលប៉ូលីសល្បាតបានរកឃើញបុរសទាំងនោះកំពុងជួបជុំគ្នា និងផឹកស្រាបៀរនៅផ្ទះជួលមួយនៅផ្លូវ Ngo Thi Huong ។

បុរសទាំង ៧នាក់ ទំនងជាគេចមិនរួចនោះទេ ដោយសារតំបន់នេះធ្លាប់ពិន័យមនុស្សជាង ២០នាក់ រួចហើយ ពីបទមិនពាក់ម៉ាស់។ ក្រុងដាណាងដែលឥឡូវនេះជាចំណុចផ្ទុះឡើងនៃជំងឺ COVID-19 ធំជាងគេ និងមានករណីចំនួន ១២០ ត្រូវបានបញ្ជាក់ បានចាប់ផ្តើមរយៈពេលនៃការរក្សាគម្លាតរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ ខែកក្កដា នេះតទៅ។ បំរាមនេះមានន័យថា ពលរដ្ឋត្រូវនៅផ្ទះ និងអនុវត្តការរក្សាគម្លាតយ៉ាងហោចណាស់២ម៉ែត្រពីគ្នា។ ការជួបជុំលើសពី ២នាក់ ត្រូវបានហាមឃាត់ លើកលែងតាមកន្លែងធ្វើការ សាលា និងមន្ទីរពេទ្យ។
រហូតមកដល់ពេលនេះប្រទេសវៀតណាមមានករណីជំងឺ COVID-19 ចំនួន ៦២១ករណី ហើយក្នុងនោះមានអ្នកជំងឺកំពុងសម្រាកព្យាបាល ២៤២នាក់ ខណៈមនុស្ស ៦នាក់បានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress