កំណើតការនាំធូរេនរបស់ថៃទៅប្រទេសចិនកើនឡើង ៧០០% គិតត្រឹមខែមេសា នេះ
ថៃ៖ ការិយាល័យនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មថៃបានឲ្យដឹងថា ទំហំនៃការនាំចេញផលិតផលរបស់ថៃបានកើតឡើង ១២,៣៤ % គិតត្រឹមខែ មេសា ឆ្នាំ ២០១៨ នេះ ហើយកំណើតនេះបើគិតជាទឹកប្រាក់គឺប្រមាណជា ១៨,៩៤ ពាន់លានដុល្លារ។ ចំណែកឯការនាំផលិតផលចូលក្នុងប្រទេសថៃវិញក៏បានកើតឡើងចំនួន ២០,៣៦% ដែរ និងបើគិតជាទឹកប្រាក់មានចំនួន ២០,២៣ ពានលានដុល្លារ។
បើតាមលោក Pimchanok Vonkorpon ដែលជាអគ្គនាយកការិយាល័យខាងលើបានបន្ថែមថា គិតត្រឹមខែ មេសា នេះ ថៃបាននាំធូរេនចេញចំនួន ១២០,០០០ តោន ហើយតួរលេខនៃការនាំធូរេនចេញនេះគឺបានកើនឡើង រហូតដល់ ២០៧ % និងគិតជាទឹកប្រាក់គឺ ២២០ លានដុល្លារ។ ក្នុងការនាំចេញធុរេនសរុបនេះគឺនាំចេញទៅប្រទេសចិនចំនួន ៥៦,០០០ តោន ហើយបើប្រៀបធៀបកំណើតក្នុងការនាំចេញទៅប្រទេសចិននេះគឺកើតឡើងដល់ ៧០០% ឯណោះ ដែលតួលេខនេះ បានបង្ហាញថាឆ្នាំនេះទៅផ្សារនាំធូរេនទៅកាន់ប្រទេសចិនបានកើតឡើងយ៉ាងគំហុក។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ទំហំនៃការនាំចេញសរុបរបស់ថៃមានតម្លៃ ៨១,៧៧ លានដុល្លារ និងទំហំនៃការចូលមានតម្លៃ ៨១,១០ លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost