នេះហើយទឹកចិត្តឪពុក! បុរសម្នាក់សុខចិត្តដើរត្រុកៗពីតុមួយទៅតុមួយ ដើម្បីសុំឲ្យគេជួយចុច Like និង Share វីដេអូកិច្ចការសាលារបស់កូនស្រី ដែលបានបង្ហោះក្នុងបណ្តាញសង្គម
ម៉ាឡេស៊ី៖ កន្លងមកយើងធ្លាប់តែឃើញអ្នកសុំទានដើរតាមផ្លូវសាធារណៈពីកន្លែងមួយទៅកន្លែងមួយ ឬដើរជួបមនុស្សដែលកំពុងញ៉ាំអាហារនៅតាមភោជនីយដ្ឋានពីតុអាហារមួយទៅកាន់តុអាហារមួយផ្សេងទៀតដើម្បីសុំលុយគេបន្តិចបន្តួចទុកគ្រាន់ដោះស្រាយជីវភាពខ្វះខាត។ យ៉ាងណាក្តី ករណីកម្រមួយត្រូវបានសារព័ត៌មាន World Of Buzz យកមកផ្សាយដោយបង្ហាញថា មានបុរសម៉ាឡេស៊ីម្នាក់បានដើរត្រុកៗពីតុញ៉ាំអាហារមួយទៅកាន់តុញ៉ាំអាហារមួយ ដើម្បីសុំឲ្យគេជួយចុច Like និង Share វីដេអូកូនស្រីរបស់គាត់ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook។ ប្រភពខាងលើមិនបានបង្ហាញអំពីអត្តសញ្ញាណពិតប្រាកដរបស់លោកឪពុករូបនេះឡើយ ហើយសូម្បីតែគណនី Facebook កូនស្រីរបស់គាត់ក៏មិនត្រូវបានគេបង្ហាញជាសាធារណៈដែរ ដើម្បីរក្សាកិត្តិយសរបស់ពួកគាត់។

យ៉ាងណាក្តី សម្រាប់អ្នកដែលបានជួយចុច Like និង Share វីដេអូនោះបានប្រាប់ឲ្យដឹងថា វាគឺជាវីដេអូបង្ហាញពីរបៀបចម្រាញ់ប្រេងធម្មជាតិ ហើយវីដេអូនោះគឺជាគម្រោងមួយរបស់សាលាដែលបានដាក់ជូនក្រុមកូនសិស្សឲ្យធ្វើរួមគ្នា ហើយបន្ទាប់មកក្រុមកូនសិស្សត្រូវបង្ហោះវីដេអូនោះទៅក្នុងបណ្តាញសង្គមដើម្បីស្វែករកការគាំទ្រនិងទទួលយោបល់ពីសាធារណៈជន មុននឹងត្រូវបានខាងសាលាវាយតម្លៃនិងផ្តល់ពិន្ទុជូន។ បើទោះជាយ៉ាងនេះក្តីគេបានមើលឃើញថា បុរសជាឪពុកមានការលះបង់យ៉ាងខ្លាំងដោយរូបគាត់សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាសដើរសុំគេនៅទីសាធារណៈ ដើម្បីឲ្យគេជួយចុច Like និង Share វីដេអូកូនស្រីគាត់ ខណៈគេជឿថាមានឪពុកមិនច្រើនទេដែលមានការលះបង់ដល់កម្រិតនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World Of Buzz