រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនបានបង្ហើបពីលទ្ធភាព ដែលជប៉ុននឹងអាចដាក់ប្រទេសចូលក្នុងគ្រាអាសន្នម្ដងទៀត
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Kato Katsunobu បានលើកឡើងអំពីលទ្ធភាពនៃការដាក់ប្រទេសជប៉ុន ចូលក្នុងភាពអាសន្នម្ដងទៀត ប្រសិនបើការឆ្លងនៃជំងឺ COVID-19 កាន់តែកើនឡើង។ លោក Kato Katsunobu នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បានប្រាប់អ្នកយកព័ត៌មានថា លោកដឹងថាអាជ្ញាធរមូលដ្ឋានកំពុងចាត់វិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប៉ុន្តែលោកបាននិយាយថា រដ្ឋាភិបាលអាចប្រកាសភាពអាសន្នមួយទៀត ប្រសិនបើចំនួនករណីកើនឡើងយ៉ាងឆាប់រហ័ស ទោះជាមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់យ៉ាងណា។

ឥឡូវនេះអាណាខេត្ត Okinawa បានប្រកាសដាក់ខេត្តរបស់ខ្លួនក្នុងគ្រាអាសន្ន ខណៈដែលតំបន់ផ្សេងទៀតបានស្នើសុំឱ្យប្រជាជនចៀសវាងការចេញក្រៅ និងអាជីវកម្មដែលមិនចាំបាច់ ដើម្បីកាត់បន្ថយការឆ្លង។ លោក Kato Katsunobu បាននិយាយថា ក្នុងករណីដាក់ប្រទេសក្នុងភាពអាសន្នម្ដងទៀត រដ្ឋាភិបាលនឹងឈានដល់ការសម្រេចចិត្តដ៏ទូលំទូលាយមួយលើវា បន្ទាប់ពីពិនិត្យមើលសូចនាករផ្សេងៗ និងទស្សនៈរបស់អ្នកជំនាញ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងឃ្លាំមើលយ៉ាងដិតដល់ទៅនឹងនិន្នាការនៃការឆ្លង និងពង្រីកជំនួយ ដូចជាពង្រឹងការធ្វើតេស្តនៅពេលចាំបាច់៕



អត្ថបទ៖ លីដា
ប្រភព៖ NHK