ទីក្រុងហូជីមិញនឹងចាប់ផ្ដើមផាកពិន័យ ចំពោះអ្នកដែលមិនពាក់ម៉ាស់នៅទីសាធារណៈ ចាប់ពីថ្ងៃស្អែកនេះតទៅ
អាជ្ញាធរទីក្រុងហូជីមិញនឹងចាប់ផ្តើមដាក់ទណ្ឌកម្មដល់អ្នកដែលមិនពាក់ម៉ាសនៅទីសាធារណៈ ដើម្បីជាការការពារពីជំងឺ COVID-19 ចាប់ពីថ្ងៃទី០៥ ខែសីហា ស្អែកនេះតទៅហើយ។ ព័ត៌មានត្រូវបានប្រកាសដោយប្រធានគណៈកម្មាធិការប្រជាជនលោក Nguyen Thanh Phong នៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ ដែលស្តីពីការការពារនិងទប់ស្កាត់ជំងឺ COVID-19 កាលពីថ្ងៃច័ន្ទម្សិលមិញ។ ប៉ុន្តែយ៉ាងណាវាមិនច្បាស់ថា វៀតណាមនឹងផាកពិន័យប៉ុន្មាននោះទេ។

បើយោងតាមមន្ត្រីប៉ូលីសនៅទីក្រុងហូជីមិញបាននិយាយថា ពលរដ្ឋដែលចេញក្រៅប្រមាណ ២០% នៅទីនោះមិនបានពាក់ម៉ាស់ត្រឹមត្រូវទេ ហើយការជួបជុំលើសពី ៣០នាក់ ក៏ឃើញមានជាទូទៅដែរ។ ការពាក់ម៉ាស់វាមិនពិបាកសោះឡើយ ហើយអ្នកដែលមិនពាក់ម៉ាស់គឺកំពុងបង្កហានិភ័យដល់អ្នកដទៃទៀត ដូច្នេះការពិន័យនឹងត្រូវធ្វើឡើងសម្រាប់បញ្ហានេះ។ អាជ្ញាធរក៏នឹងធ្វើការចុះត្រួតពិនិត្យកន្លែងលក់ម៉ាស់ ទឹកអាល់កុលសម្អាតដៃ និងអាហារ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider