ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសរុស្ស៊ីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅខែតុលា ប៉ុន្តែមានការបារម្ភពីប្រសិទ្ធិភាព និងសុវត្ថិភាពរបស់វា

    BY autoadmin August 5, 2020
    ប្រទេសរុស្ស៊ីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅខែតុលា ប៉ុន្តែមានការបារម្ភពីប្រសិទ្ធិភាព និងសុវត្ថិភាពរបស់វា

    ប្រទេសរុស្ស៊ីនិយាយថាខ្លួនគ្រោងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងខែតុលា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន មានការងឿងឆ្ងល់អំពីសុវត្ថិភាព និងប្រសិទ្ធិភាពនៃវ៉ាក់សាំងនោះ។ លោក Kirill Dmitriev ជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលបានចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះ បាននិយាយថា វ៉ាក់សាំងដែលកំពុងត្រូវបានអភិវឌ្ឍនៅវិទ្យាស្ថាន Gamaleya ត្រូវបានគេរំពឹងថា នឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលនៅពាក់កណ្តាលខែសីហានេះ។

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mikhail Murashko បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា នៅពេលដែលវ៉ាក់សាំងនេះរួចរាល់ វានឹងត្រូវបានផ្តល់ជូនដល់ប្រជាជនដែលមានហានិភ័យខ្ពស់នៃការឆ្លង ដូចជាបុគ្គលិកពេទ្យ និងគ្រូបង្រៀន។ គេជឿជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីបានបញ្ចប់ដំណាក់កាលទី២ នៃការសាកល្បងព្យាបាលទាំង ៣ ដំណាក់កាលហើយ។ វាមិនច្បាស់ទេថាដំណាក់កាលទី៣ កំពុងត្រូវបានគេធ្វើឡើងឬនៅ ប៉ុន្តែកម្មវិធីចាក់វ៉ាក់សាំងនេះទំនងជាដើរតួជាដំណាក់កាលទី៣ របស់ប្រទេសរុស្ស៊ី។

    លោក Kirill Dmitriev បាននិយាយថា ប្រទេសរុស្ស៊ីនឹងទទួលជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំងលឿនជាងសហរដ្ឋអាមេរិក ហើយបានប្រដូចវាទៅនឹងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដោយអតីតសហភាពសូវៀត។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រទេសរុស្ស៊ីមានគោលបំណងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដោយសង្កត់ធ្ងន់ថា វាគឺជាអ្នកដែលបង្កើតវ៉ាក់សាំងជំងឺ COVID-19 បានមុនគេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់បស្ចឹមប្រទេសមួយចំនួនកំពុងសាកសួរអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយចង្អុលបង្ហាញថា ទិន្នន័យពីការសាកល្បងគ្លីនិករបស់រុស្ស៊ីមិនត្រូវបានផ្សព្វផ្សាយចេញក្រៅនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: