វៀតណាមនិយាយថារលកទី២ នៃការឆ្លងជំងឺកូវីដ១៩របស់ខ្លួន នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ថ្ងៃទៀត
បើយោងតាមលោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកជំងឺ COVID-19 នៅវៀតណាមនឹងបន្តកើនឡើង ហើយរលកទី២ នឹងឈានដល់កម្រិតកំពូលក្នុងរយៈពេល ១០ថ្ងៃ ខាងមុខនេះ។ លោកបានបន្ថែមដែរថា វៀតណាមនឹងមិនចាំបាច់ចំណាយពេលស្វែងរកអ្នកដែលឆ្លងដំបូងបំផុតនោះទេ ផ្ទុយទៅវិញការស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ និងការធ្វើចត្តាឡីស័ក គឺសំខាន់ជាងគេបំផុតនៅពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។

ឥឡូវនេះក្រុងដាណាងកំពុងធ្វើតេស្ដរកជំងឺ COVID-19 លើពលរដ្ឋពី ៨,០០០ ទៅ ១០,០០០នាក់ ក្នុងមួយថ្ងៃ ហើយវិទ្យាស្ថានប៉ាស្ទ័ររបស់ទីក្រុងហូជីមិញ កំពុងជួយដល់មន្ទីរពេទ្យដាណាង១៩៩ នៅក្នុងការពិនិត្យសំណាករបស់ពលរដ្ឋ។ ចំណែកវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតវិទ្យា នឹងជួយក្នុងការតាមដាននិងរៀបចំផែនការដាច់ដោយឡែក។ មកទល់ពេលនេះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យរបស់ក្រុងដាណាងចំនួន ៣ ស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែវៀតណាមកំពុងខ្វះបុគ្គលិកពេទ្យនិងឧបករណ៍តេស្ដ ខណៈដែលគ្រូពេទ្យ បុគ្គលិកពេទ្យ និងក្រុមគ្រួសាររបស់ពួកគេមួយចំនួន បានឆ្លងជំងឺ COVID-19។
លោក Nguyen Truong Son បាននិយាយថា ស្ថានភាពរីករាលដាលនៅក្រុងដាណា មានភាពស្មុគស្មាញជានៅទីក្រុងហាណូយ។ លោកបានបន្ថែមថា មានករណីថ្មីៗជាច្រើនបានឆ្លងដោយគ្មានទាក់ទងជាមួយនឹងមន្ទីរពេទ្យចំនួន ៣ ដែលបានផ្ទុះឡើងនោះទេ ដូច្នេះលោករំពឹងថា នឹងឃើញករណីកើនដល់កម្រិតកំពូលក្នុងរយៈពេល ១០ថ្ងៃ ខាងមុខនេះ៕




អត្ថបទ៖ លីដា
ប្រភព៖ Dtinews