ក្រោយផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មួយរយៈមក ឥលូវនេះវៀតណាមកំពុងតែខ្វះខាតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ បាននិយាយថា វៀតណាមកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ដរកមើលជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានលេចចេញនៃករណីក្នុងសហគមន៍ជាបន្ដបន្ទាប់។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះវៀតណាមណាមមានករណីសរុប ៦៧០ករណី និងមានការស្លាប់សរុប ៨ករណី ខណៈដែលទីក្រុងហាណូយបាននិយាយថា ពួកគេកំពុងខ្វះខាតឧបករណ៍សម្រាប់ការធ្វើតេស្ដបន្ថែមទៀត ដើម្បីបន្តការពិនិត្យរកមេរោគទ្រង់ទ្រាយធំរបស់ពួកគេ។

រូបតំណាង
គួរឱ្យដឹងដែរថា កាលពីមុនវៀតណាមទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺ COVID-19 ដោយសារការធ្វើតេស្ដទ្រង់ទ្រាយធំ ហើយពួកគេក៏គ្មានករណីក្នុងស្រុករយៈពេល ៣ខែ មកហើយ។ ប៉ុន្តែចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា វៀតណាមបានរកឃើញករណីសហគមន៍ជាលើកដំបូង ហើយមានមនុស្សយ៉ាងហោចណាស់ ២២០នាក់ បានឆ្លងជំងឺចាប់តាំងពីពេលនោះមក។ ទីតាំងផ្ទុះខ្លាំងជាងគេគឺនៅក្រុងដាណាង ប៉ុន្តែវាក៏បានរាលដាលដល់ទីក្រុង និងខេត្តចំនួន ៨ មកហើយ រួមទាំងទីក្រុងហាណូយ និងហូជីមិញ។


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ