សូម្បីតែកង់សាគួរឡានក៏មិនលើកលែងដែរ លួចយកទៅបាន៣ថ្ងៃ ត្រូវសមត្ថកិច្ចក្របួចជាប់
រាជធានីភ្នំពេញ ៖ អត់លុយជក់ថ្នាំ ជនសង្ស័យ២នាក់ បែកគំនិតធ្វើសកម្មភាពលួចយកកង់សាគួររថយន្ត TACOMA កាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខស្នាក់ការក្រុមហ៊ុនសន្តិសុខKNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយយកទៅលាក់ទុកបាន៣យប់ ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាឃាត់ខ្លួនបានម្នាក់ហើយ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ។

ជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥៣៩ ផ្លូវលំ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) និងម្នាក់ទៀតឈ្មោះភី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្បែរផ្ទះគ្នា បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៨៧ ផ្លូវជាតិលេខ២ ភូមិតាក្តុត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអនុប្រធានក្រុមហ៊ុនសន្តិសុខ KNSK ។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម បានបង្ហើបប្រាប់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន និងបក្ខពួកម្នាក់ទៀត គឺជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋានផងដែរ ។
បើតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានអោយដឹងថា កាលពីវេលាម៉ោង១៩:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ៤៩ឆ្នាំ បានបើករថយន្ត០១គ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW 8632 (ដែលមានទុកកង់សាគួររថយន្តចំនួន០១គ្រាប់នៅបាំងខាងក្រោយ) មកចតទុកនៅមុខស្នាក់ការក្រុមហ៊ុនសន្តិសុខ KNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយបានទៅសម្រាកនៅផ្ទះក្រុងតាខ្មៅ ខេត្តកណ្តាល ។
លុះមកដល់វេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល បានមកយករថយន្តដើម្បី ដឹកបុគ្គលិកសន្តិសុខ ស្រាប់តែបាត់កង់សាគួរមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឲ្យជួយស្រាវជ្រាវរក ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម និងជំនាញនៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះ អ៊ឹម ច័ន្ទវាសនា អាយុ៣១ឆ្នាំ និងឈ្មោះ ភី អាយុ២៦ឆ្នាំ ជាអ្នកលួចយកសំបកកង់សាគួររបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល កាលពីថ្ងៃកើតហេតុ ។ ទើបកម្លាំងធ្វើការស្រាវជ្រាវ រករហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ទើបប្រទះឃើញជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា នៅចំណុចផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចាត់ការតាមនីតិវិធី ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ភី បានរត់គេចខ្លួនបាត់ ។ នៅពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចក៏បានចាប់យកវត្ថុតាង ៖ សំបកកង់សាគួររថយន្តចំនួន០១គ្រាប់ (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៉ឹម ច័ន្ទវាសនា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី និងបន្តស្រាវជ្រាវរកបក្ខពួកឈ្មោះ ភី ដើម្បីយកមកចាត់ការតាមនីតិវិធីនៅពេលរកឃើញផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត