អាជ្ញាធរបញ្ចេញរថយន្តបូមទឹកចល័តទាំងយប់ ធ្វើការបូមរំដោះទឹកជំនន់ជនលិចនៅតំបន់ភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទឲ្យបានជ្រាបថា ដោយសារការដោះស្រាយទឹកជំនន់ជនលិច នៅតំបន់ភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ អង្គភាពលូទឹក នៃមន្ទីរសាធារណការរាជធានីភ្នំពេញ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដាក់ទុយោបូមទឹកកាត់ទទឹងបន្ទាន់ នៅចំណុចស្ថានីយ៍បូមទឹកបឹងទំពន់ ផ្លូវ៣៧១ ដោយប្រើរថយន្តបូមរំដោះទឹកចល័តមួយគ្រឿង ដោយបំពាក់ម៉ូទ័របូបទឹកទំហំ២តឹក ចំនួន៤គ្រឿង មានសមត្ថភាពបូមទឹកស្មើនឹងស្ថានីយបូមទឹកតូចមួយផងដែរ ដែលស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ព្រំប្រទល់សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីមន្ត្រីជំនាញរបស់អង្គភាពលូទឹក នៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានអោយដឹងបឋមថា ការពង្វាងចរាចរ ត្រូវអនុវត្តដូចខាងក្រោម ៖ ១. ការធ្វើចរាចរពីទិស ផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវលេខ២៧១ ឆ្ពោះទៅទិសស្ពានអាកាសស្ពានស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧ ។ ២.ការធ្វើចរាចរពីទិស ផ្លូវលេខ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរ ត្រង់តាមតម្រាយផ្លូវលេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១ ។ ៣.ដោយសារផ្លូវពង្វាងបណ្តោះអាសន្ន សងខាងទីតាំងមិនអាចធ្វើចរាចរ ឆ្លងកាត់បាននោះទេ ទាំងរថយន្តធុនតូច និងទោចក្រយានយន្ត ។
ដូច្នេះហើយអាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធររាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលដែលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវ៣៧១ (ផ្លូវទំនប់បឹងទំពុន) អោយបានជ្រាបថា ចាប់ពីម៉ោង០៥ទាបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើការដាក់ទុយោបូមទឹកបន្ទាន់ កាត់ទទឹងផ្លូវលេខ៣៧១ខាងលើនេះ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុន ដើម្បីរំដោះទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងដែលធ្វើឲ្យមានការជន់លិចនៅភូមិសាស្ត្រមួយចំនួន នៃរាជធានីភ្នំពេញយើងនេះ។
អាស្រ័យហេតុនេះ ដើម្បីជៀសវាងរំខានពេលវេលាចំពោះបងប្អូនដោយសារការកកស្ទះចរាចរ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៧១ខាងលើ មានរយៈចាប់ពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ រហូតដល់ពេលទឹកចាប់ផ្ដើមស្រកអស់ និងបើកឲ្យធ្វើចរាចរជាធម្មតាវិញ សូមមេត្តាធ្វើដំណើរពង្វាងចេញពីចំណុចស្ថានីយ៍បូមទឹកបឹងទំពន់នេះ ដោយក្តីអនុគ្រោះ។
ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានថ្លែងប្រាប់ថាក្នុងGroup Telegram ដូច្នេះថា ដើម្បីប្រជាជន អាជ្ញាធររាជធានីភ្នំពេញបានខិតខំប្រើគ្រប់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់ភ្លៀង ១០៥មមនេះ ហើយពិតជាកោតសរសើរបងប្អូនដែលធ្វើការ១យប់ទល់ភ្លឺទោះលំបាក នឿយហត់ រហូតដល់យើងសម្រេចបញ្ចៀសបានទឹកជំនន់។ សង្ឃឹមថា បងប្អូននឹងយោគយល់ ហើយអាជ្ញាធរយើងនឹងដករថយន្តបូមរំដោះទឹកចល័តនេះ នៅពេលបន្តិចទៀតមិនអោយហួសម៉ោង៧:០០ព្រឹកថ្ងៃដដែលនេះ៕

ដោយ៖ បងម៉េង ខ្មែរណូត