មេឃធ្លាក់ភ្លៀងខ្លាំងពិបាកមើលផ្លូវ បុរសម្នាក់ជិះម៉ូតូមកអកហ្សឺកចាប់ហ្វ្រាំងមិនទាន់បុករថយន្តបែនដឹកខ្សាច់ខូចនៅកណ្តាលផ្លូវពេញទំហឹង បណ្តាលឲ្យសន្លប់ស្តូកស្តឹង
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង ខូចទុកចោលកណ្ដាលផ្លូវ មិនមានដាក់អ្វីសម្គាល់ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ត្រូវបានបុរសម្នាក់ជិះម៉ូតូ MSX ទៅបុកពីក្រោយពេញទំហឹង នៅផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាម៉ោង១១យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើត គេឃើញរថយន្តបែនដឹកខ្សាច់ធុនធំខាងលើ ពាក់ស្លាកលេខភ្នំពេញ 3E-7430 បើកមកតាមផ្លូវ៦០ម៉ែត្រ មិនដឹងខូចអ្វីនោះទេ បានមកឈប់ចតទុកចោលនៅកន្លែងកើតហេតុ តាំងពីម៉ោងជិត៨យប់មកម៉្លេះ ដោយមិនមានដាក់ស្លាកសញ្ញាអ្វីសម្គាល់ឡើយ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-5838 បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយមានពាក់មួកសុវត្ថិភាពនិងពាក់វ៉ែនតាម៉ាញូបថែមទៀតផង បានអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តប៉ែនដឹកខ្សាច់ខាងលើពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់រថយន្ត ដួលបោកនឹងថ្នល់ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ត្រូវបានសន្តិសុខយាមក្បែរកន្លែងកើត រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលផងដែរ និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជនសុងការណ៍មកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះមកវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត