អន្តរជាតិ

ផ្ទះមួយខ្នងនៅប្រទេសចិន ស្ថិតនៅចំពាក់កណ្តាលផ្លូវ២ខ្សែតែម្នាក់ឯង ដោយសារតែមូលហេតុបែបនេះ (មានវីដេអូ)

BY
autoadmin
August 7, 2020

ចិន៖ ផ្ទះមួយខ្នងត្រូវបានគេប្រទះឃើញមានទីតាំងស្ថិតនៅពាក់កណ្តាលផ្លូវពីរខ្សែយ៉ាងចម្លែកបំផុត ហើយគេជឿថាផ្ទះដែលមានទីតាំងដូចនេះប្រហែលជាមានតែមួយខ្នងនេះគត់នៅលើពិភពលោក។ ​បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ផ្ទះនេះមានកម្ពស់មួយជាន់ មានទំហំប្រមាណជា ៤០ ម៉ែត្រការ៉េមានទីតាំងស្ថិតនៅក្នុង Guangzhou ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយផ្ទះនេះជាកម្មសិទ្ធរបស់លោក Liang ។

ប្រភពខាងលើបានបញ្ជាក់ថា វាមិនមែនជារឿងចៃដន្យឡើយដែលផ្ទះរបស់លោក Liang ត្រូវមានទីតាំងស្ថិតនៅចន្លោះផ្លូវស្ពានយ៉ាងចម្លែកដូចនេះ តែអ្វីៗគ្រប់យ៉ាងបានកើតឡើងដោយការសម្រេចចិត្តរបស់គាត់ផ្ទាល់តែម្តង។ គេនៅចាំបានថា កាលពី ១០ ឆ្នាំមុនពោលគឺនៅក្នុងអំឡុងឆ្នាំ ២០១០ អាជ្ញាធរចិនបានសម្រេចកសាងស្ពានមួយកាត់ប្រលាយទឹកក្នុងទីក្រុងដើម្បីជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋឲ្យបានងាយស្រួលជាងមុន តែគម្រោងនោះត្រូវប៉ះពាល់ដល់ផ្ទះពលរដ្ឋជាច្រើនខ្នងរួមទាំងផ្ទះរបស់លោក Liang ផងដែរ។

នៅចំពោះមុខស្ថានភាពនេះអាជ្ញាធរចិនគ្មានជម្រើសណាក្រៅពីផ្តល់ជូនប្រាក់សំណងទៅកាន់ប្រជាពលរដ្ឋតាមទំហំផ្ទះជាក់ស្ដែងរបស់គាត់ ដើម្បីឲ្យពួកគាត់រុះរើផ្ទះចេញនិងប្តូរទៅរស់នៅកន្លែងផ្សេងទៀត។ កាលនោះមានផ្ទះចំនួន ៤៧ ខ្នង និងក្រុមហ៊ុនចំនួន ៧ បានយល់ព្រមទទួលយកសំណើរបស់អាជ្ញាធរ ខណៈមានតែលោក Liang តែម្នាក់គត់ដែលមិនព្រមទទួលយកសំណងពីអាជ្ញាធរទាល់តែសោះ ទោះជាគេខំចរចាជាមួយគាត់ជាច្រើនដងនិងផ្ដល់សំណងច្រើនជាងគេក៏ដោយ។

ដោយអស់មធ្យោបាយបញ្ចុះបញ្ចូលលោក Liang ទើបអាជ្ញាធរសម្រេចធ្វើផ្លូវវាងផ្ទះរបស់គាត់តែម្តង ដោយបន្យល់ទុកឲ្យផ្ទះនោះត្រូវស្ថិតនៅចំចន្លោះកណ្តាលផ្លូវ។ គេមិនបានដឹងច្បាស់ថា លោក Liang រស់នៅក្នុងផ្ទះដោយមានអារម្មណ៍ភ័យខ្លាចឬអត់នោះទេ តែបើយើងមើលពីក្រៅទៅផ្ទះនោះមានហានិភ័យគ្រោះថ្នាក់ច្រើនណាស់ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ចៃដន្យណាមួយកើតឡើង ហើយបរិយាកាយនៅផ្ទះនោះក៏មិនល្អដែរព្រោះត្រូវរំខានដោយសំឡេងនិងផ្សែងចេញពីយានយន្តជាប្រចាំ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Dailymail

Share This Post: