ប្រទេសលីបង់បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់ នៅក្នុងការសើបអង្កេតទាក់ទងនឹងការផ្ទុះឃ្លាំងអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែបេរូត
- BY
- autoadmin
- August 7, 2020
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា បាននិយាយថា អាជ្ញាធរប្រទេសលីបង់បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់ នៅក្នុងការស៊ើបអង្កេតមួយ ចំពោះការផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែទីក្រុងបេរូត ហើយប្រភពតុលាការនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកគ្រប់គ្រងទូទៅរបស់កំពង់ផែ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេឃុំឃាំងផងដែរ។ សារព័ត៌មាន NNA មិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ប៉ុន្តែបានដកស្រង់សម្តីលោកចៅក្រម Fadi Akiki តំណាងរដ្ឋាភិបាលនៅឯតុលាការយោធាដោយនិយាយថា រហូតមកដល់ពេលនេះអាជ្ញាធរបានសាកសួរមន្ត្រីកំពង់ផែ និងមន្ត្រីគយជាង ១៨នាក់ និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងការងារថែទាំនៅឃ្លាំងនោះ។
ទីភ្នាក់ងារសារព័ត៌មាន NNA បានស្រង់សម្តីលោក Fadi Akiki បាននិយាយថា៖«មនុស្សចំនួន ១៦នាក់ ត្រូវបានគេយកទៅឃុំឃាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេត» លោកថាការស៊ើបអង្កេតកំពុងបន្ត។ មុននេះធនាគារកណ្តាលបាននិយាយថា ខ្លួនបានបង្អាក់គណនីអ្នកប្រើប្រាស់ចំនួន ៧នាក់ រួមមានអ្នកគ្រប់គ្រងកំពង់ផែលោក Hassan Koraytem និងប្រធានគយលីបង់។ គួរឱ្យដឹងដែរថាការផ្ទុះដ៏សាហាវកាលពីថ្ងៃអង្គារ បានបង្កឱ្យមានការរញ្ជួយដីនៅទូទាំងតំបន់។ យ៉ាងហោចណាស់មនុស្ស ១៤៥នាក់ បានស្លាប់ និង ៥,០០០ នាក់ បានរងរបួស។ មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួននៅឡើយ ខណៈដែលមនុស្សរហូតដល់ ២៥០,០០០ នាក់ ត្រូវបាត់បង់ផ្ទះសម្បែងគ្មានជម្រក នៅចំពេលដែលប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនូវករណីជំងឺ COVID-19 ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: