លោក ដូណាល់ត្រាំ បានចុះហត្ថលេខាហាមឃាត់កម្មវិធី TikTok និង WeChat ជាផ្លូវការហើយកាលពីព្រឹកមិញនេះ
អាមេរិក៖ នៅព្រឹកថ្ងៃសុក្រទី ៧ ខែ សីហានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចុះហត្ថលេខាជាផ្លូវការហើយចំពោះបទបញ្ជាហាមមិនឲ្យពលរដ្ឋអាមេរិកគ្រប់រូបប្រើប្រាស់និងធ្វើអាជីវកម្មផ្សេងៗជាមួយនឹងកម្មវិធីទូរស័ព្ទ TikTok, WeChat និងកម្មវិធីទូរស័ព្ទមួយចំនួនទៀតដែលបង្កើតឡើងដោយក្រុមហ៊ុនចិន។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Bloomberg បានឲ្យដឹងថា បទបញ្ជាហាមឃាត់របស់ប្រធានាធិបតីអាមេរិករូបនេះគឺមានសុពលភាព ៤៥ ថ្ងៃ ហើយត្រូវផ្ដើមអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតែម្តង។ ចំពោះហេតុផលនៅពីក្រោយការសម្រេចហាមឃាត់នេះត្រូវបានលោក ដូណាល់ត្រាំ បញ្ជាក់ថា គឺដើម្បីរក្សាសន្តិសុខជាតិអាមេរិក ព្រោះកម្មវិធីទាំងនេះបានគ្រប់គ្រងទិន្នន័យពលរដ្ឋអាមេរិកម្នាក់ៗសម្រាប់ផ្តល់ជូនជាសម្ងាត់នៅកាន់រដ្ឋាភិបាលចិន។

យ៉ាងណាក្តី លោក ដូណាល់ត្រាំ ធ្លាប់បានផ្តល់ជម្រើសជូនក្រុមហ៊ុន ByteDance Ltd., ដែលជាម្ចាស់កម្មសិទ្ធរបស់កម្មវិធី TikTok ថា ប្រសិនបើក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងមួយនេះចង់បន្តអាជីវកម្មរបស់ខ្លួននៅលើទឹកដីអាមេរិក ក្រុមហ៊ុនត្រូវលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុនអាមេរិកគឺក្រុមហ៊ុន Microsoft ជាអ្នកគ្រប់គ្រងវិញម្តង ដែលមានន័យថា ក្រុមហ៊ុន Microsoft នឹងគ្រប់គ្រង TikTok នៅលើទឹកដីអាមេរិក ខណៈ ByteDance Ltd., ជាអ្នកគ្រប់គ្រង TikTok នៅតាមបណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានឃើញប្រតិកម្មណាមួយពីសំណាក់ក្រុមហ៊ុនចិនចំពោះការសម្រេចខាងលើនេះនៅឡើយទេ តែកន្លងមកក្រុមហ៊ុនចិនបច្ចេកវិទ្យារបស់ចិនជាច្រើនធ្លាប់បានអះអាងថា ពួកគេគឺជាក្រុមហ៊ុនរកប្រាក់ចំណូលឯករាជ្យមិនមែនចំណុះឲ្យរដ្ឋាភិបាលចិននោះទេ៕

អត្ថបទ៖ភក្តី
ប្រភព៖ Bloom Berg