ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះឃ្លាំងស្តុកវត្ថុធាតុដើមក្រុមហ៊ុនផលិត និងវេចខ្ចប់ផលិតផលសម្ភារ:សំណង់ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ ៥០គ្រឿង មកពីគ្រប់អង្គភាព ចេញជួយអន្តរាគមន៍ រហូតមកទល់ម៉ោង៦ព្រឹកនេះ មិនទាន់រលត់នៅឡើយ!

    BY Khmernote Media August 8, 2020
    ឆេះឃ្លាំងស្តុកវត្ថុធាតុដើមក្រុមហ៊ុនផលិត និងវេចខ្ចប់ផលិតផលសម្ភារ:សំណង់ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ ៥០គ្រឿង មកពីគ្រប់អង្គភាព ចេញជួយអន្តរាគមន៍ រហូតមកទល់ម៉ោង៦ព្រឹកនេះ មិនទាន់រលត់នៅឡើយ!

    រាជធានីភ្នំពេញ ៖ មានអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកវត្ថុធាតុដើមរបស់សិប្បកម្មផលិត និងវេចខ្ចប់ផលិតផល សម្ភារ:សំណង់មួយកន្លែងយ៉ាងខ្លាំង មានលក្ខណៈទ្រង់ទ្រាយធំ គិតត្រឹមម៉ោង០៦ព្រឹកនេះ រយៈពេល៣ម៉ោងពេញ ដែលកម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យកំពុងបន្តសកម្មភាពអន្តរាគមន៍ពន្លត់ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយ ដោយប្រើប្រាស់កម្លាំងចម្រុះ គ្រឿងចក្រ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។

    ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងតាំងពីម៉ោង០២:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចសិប្បកម្មផលិតនិងវេចខ្ចប់ផលិតផលសម្ភារៈសំណង់របស់ក្រុមហ៊ុន “គ្លូប៊លខេមស្តារ GOLDBAL CAMSTAR CO.,LTD. GCS” ដែលមានទីតាំងស្ថិតនៅចំណុចផ្លូវបេតុង ក្រោយផ្សារឯករាជ្យ១ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    គួរបញ្ជាក់ថា រោងចក្ររងគ្រោះដោយសារអគ្គីភ័យខាងលើ តាមប្រភពនៅកន្លែងកើតហេតុ ដាក់ការសន្និដ្ឋានថា គឺផ្តើមមកពីទុស្សេចរន្តភ្លើង ខណៈដែលឃ្លាំងសិប្បកម្មខាងលើពុំមានកម្មករធ្វើការឡើយ ស្រាប់តែនៅវេលាម៉ោងខាងលើ កើតមានអគ្គីភ័យឆាបឆេះចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ ភ្លាមៗត្រូវបានសន្តិសុខ រាយការណ៍ទៅខាងក្រុមហ៊ុនរោងចក្រ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ទាក់ទងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បញ្ជូនទៅពីបណ្តាអង្គភាពផ្សេងៗគ្នា ជាង៥០គ្រឿង ចេញជួយអន្តរាគមន៍ អស់រយៈពេលជាង៣ម៉ោងហើយ គិតត្រឹមម៉ោង០៦ព្រឹកថ្ងៃដដែលនេះ ភ្លើងនៅមិនទាន់រលត់ទាំងស្រុងនៅឡើយ កំពុងបន្តសកម្មភាពអន្តរាគមន៍ពន្លត់ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយ ។ ក្នុងនោះគេក៏ឃើញវត្តមានរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ, និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ ចុះពិនិត្យមើលផងដែរ ។

    ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានសហការជាមួយមានរថយន្តពន្លត់អគ្គិភ័យ ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ RRC-711, រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ខ្មែរប៊ែរើរីជីស, រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ, និងរថយន្តពន្លត់អគ្គិភ័យ នៅតាមបណ្ដាខណ្ឌនានា ដែលបានចូលរួមទាំងកម្លាំង ទាំងស្មារតី និងសម្ភារ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មដែលបានឆាបឆេះនោះ។

    សូមបញ្ជាក់ថា នេះគ្រាន់តែជារបាយការណ៍បឋម ចំពោះការខូចខាតសម្ភារៈខូចខាត ខាងតំណាងក្រុមហ៊ុនមិនទាន់អាចបញ្ជាក់បាននៅឡើយទេ តែជាក់ស្ដែងឃើញមានរថយន្តកូរ៉េដឹកទំនិញ២គ្រឿង ត្រូវបានភ្លើងលេបត្របាក់អស់សល់តែគ្រោងដែក ខណៈដែលអគ្គិភ័យនៅចំណុចកើតហេតុ មិនទាន់រលត់នៅឡើយទេ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃដដែលនេះ នៅសល់រងើកភ្លើងឆេះម្នាងសិលា ដែលឆេះងំនៅខាងក្រោម កម្លាំងប្រតិបត្តការនៅតែបន្តប្រើគ្រប់វិធីសាស្ត្រក្នុងការពន្លត់ភ្លើង និងយកអេស្កាវ៉ាទ័រ មកកកាយដើម្បីបាញ់ទឹក រហូតទាល់តែរលត់ទាំងស្រុង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: