ជិះម៉ូតូអាសង់ឆ្លងបញ្ច្រាសផ្លូវ ត្រូវម៉ូតូឃ្លីគបើកលឿនចាប់ហ្វ្រាំងមិនទាន់បុកមួយទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ហើយមានជនឆ្លៀតឱកាសបន្លំលួចកាបូបទៀត
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូហុងដាឌ្រីម បើកឆ្លងផ្លូវបញ្ច្រាសទិស ត្រូវម៉ូតូឃ្លីកមួយគ្រឿងទៀត បើកលើផ្លូវអាទិភាពទៅបុកចំពេញទំហឹង កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទ០៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូលសួនឧស្សាហកម្មវឌ្ឍនៈ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-4528 បានបើកបរបញ្ច្រាសទិស តាមផ្លូវវេងស្រេង អែបចិញ្ចើមផ្លូវយឺតៗ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងកាត់ផ្លូវបំណងចូលទៅគន្លងម្ខាងទៀត ស្រាប់តែត្រូវបានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក(Honda Click) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1FQ-5567 ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនលើផ្លូវអាទិភាព ក៏ជ្រុលទៅបុកចំម៉ូតូហុងដាឌ្រីមពេញទំហឹង បណ្ដាលឲ្យបុរសមាឌធំដែលជិះម៉ូតូហុងដាឌ្រីម បានខ្ទាតបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច ចំណែកភាគីខាងម៉ូតូ Click បានរងរបួសធ្ងន់ ចំណែកឯម៉ូតូទាំងពីរគ្រឿងរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ។
សាក្សីបន្តថា មុនសមត្ថកិច្ចចុះមកដល់ ត្រូវបានអ្នកឃើញហេតុការណ៍ទាក់ទងរថយន្តសង្គ្រោះគ្លីនិកឯកជនរស្មី មកដឹកជនរងគ្រោះយកទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យលោកសង្ឃបាត់ទៅ បន្សល់សពជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ ត្រូវជនឆ្លៀតឱកាសបានមកធ្វើជាស្គាល់ ដោយទូរស័ព្ទរបស់ជនរងគ្រោះបែកខ្ទេចមិនអាចរកលេខទូរស័ព្ទដើម្បីទំនាក់ទំនងសាច់ញាតិបានទេ ហើយបានដកស៊ីមដើម្បីរកលេខសាច់ញាតិ និងដកកាបូបលុយរបស់ជនរងគ្រោះបង្ហាញអោយអ្នកនៅកន្លែងកើតហេតុឃើញ ហើយប្រាប់ថារក្សាទុកបណ្ដោះអាសន្នសិន ចាំប្រគល់អោយសមត្ថកិច្ចឬសាច់ញាតិជនរងគ្រោះ លុះពេលកម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះមកពិនិត្យមើល តែមិនឃើញអ្នកដែលយកកាបូបលុយរបស់ជនរងគ្រោះទេ បែរជាគេចទៅណាបាត់ទៅ ។
ក្រោយកើតហេតុសមត្ថកិច្ចល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣ និងផ្នែកជំនាញចរាចរណ៍នៃអធិការដ្នានគរបាលខណ្ខមានជ័យ បានចុះមកបាញ់គំនូសធ្វើការតាមជំនាញរួចប្រគល់អោយ ខាងសមត្ថកិច្ចជំនាញ ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នា នៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់រួចទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត