PR

កម្ពុជាកាន់តែមានឱកាសបង្ហាញទេពកោសល្យនៅលើឆាកអន្តរជាតិក្រៅស្រុក

BY
srey nuch
August 8, 2020

នេះជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាសហការជាមួយចិន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា ខណៈដែលពេលនេះកម្ពុជាបានឈានដល់ដំណាក់កាលជ្រើសរើសបេក្ខជនឆ្នើមពីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ត ដើម្បីបន្តវគ្គផ្តាច់ព្រ័ត្តសម្រាប់ថ្នាក់ជាតិនៅថ្ងៃទី១៤ ខែសីហាខាងមុខ។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានប្រាប់ក្រុមអ្នកសារព័តមាន ក្រោយប្រកាសបើកព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា២០២០ កាលពីព្រឹកថ្ងៃទី៨ ខែសីហានេះថា គោលបំណងកម្មវិធីនេះ គឺរកដំណោះស្រាយបែប ឌីជីថលសម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងការប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅតាមបណ្តាប្រទេសចំនួន១៥ផ្សេងគ្នា រួមមាន៖ ចិន កម្ពុជា កូឡុំប៊ី បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកូរ៉េខាងត្បូង-ល- ដែលមានការចាប់អារម្មណ៍ និងចូលរួមពីក្រុមនិសិ្សត យុវជន និងសហគ្រិនវ័យក្មេងជាច្រើនក្រុម។

នៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា តាមរយៈកម្មវិធីនេះ យុវជននឹងទទួលបានបទពិសោធន៍ និងបង្ហាញពីសមត្ថភាពដើម្បីតំណាងឱ្យប្រទេសទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាងនេះទៀត យុវជននឹងក្លាយជាបញ្ចវ័ន្ត ដែលមានមុខមាត់នៅលើពិភពលោកដែលរកដំណោះស្រាយជាមួយនិងបញ្ហារបស់ប្រជាជនទាំងអស់ទូទាំងពិភពលោកទៅលើផ្នែកទំនិញ ទំនាក់ទំនង ចំណេះដឹង ជាពិសេសការផ្សព្វផ្សាយការផ្លាស់ប្តូរនៃបច្ចេកវិទ្យា ឌីជីថល របស់អង្គភាពនីមួយៗរាប់បញ្ចូលទាំងឧស្សាហកម្មនិងសង្គម។

សូមបញ្ជាក់ថា សម្រាប់ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួតមានចំនួន៣០ក្រុម ដែលរង្វាន់ការប្រកួតប្រជែងថ្នាក់អន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា២០២០ ចំពោះបេក្ខជនចំណាត់ថ្នាក់លេខ១ នឹងទទួលបាន ១៤,០០០ដុល្លារ នៃមូលនិធិអាជីវកម្ម, ដំណើរស្វែងរករបកគំហើញសេដ្ឋកិច្ចឌីជីថលនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន អាលីបាបា នៅទីក្រុងហាំងចូវ ប្រទេសចិន, ចុះឈ្មោះចូលរៀនជាមួយធនាគារ (Alibaba GET Talent) ដែលមានទំនាក់ទំនងជាមួយគ្រូបង្រៀន វិនិយោគិន និយោជក ប្រកបដោយសក្តានុពល និងឱកាសអាជីវកម្ម។ ដោយឡែក ចំពោះចំណាត់ថ្នាក់លេខ២ នឹងទទួលបាន ៧,០០០ដុល្លារ នៃមូលនិធិអាជីវកម្ម ចុះឈ្មោះចូលរៀនជាមួយធនាគារ (Alibaba GET Talent)៕

Share This Post: