វៀតណាមកត់ត្រាករណីស្លាប់ដោយសារជំងឺកូវីដ១៩ ទី១៣ របស់ខ្លួន ខណៈករណីសរុបកើនដល់ ៨៤១នាក់
យោងតាមចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានកត់ត្រាការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យការស្លាប់សរុបរបស់ប្រទេសនេះបានកើនដល់ ១៣នាក់។ អ្នកជំងឺដែលបានស្លាប់ទាំង២នាក់ គឺមានអាយុ ៣៣ឆ្នាំ និង ៤៧ឆ្នាំ ដែលសុទ្ធតែជាអ្នកជំងឺមានទំនាក់ទំនងជាមួយមន្ទីរពេទ្យក្រុងដាណាង ហើយមានជំងឺតំរងនោមដំណាក់កាលចុងក្រោយ និងជំងឺប្រចាំកាយផ្សេងៗទៀត។

យ៉ាងណាក៏ដោយនាព្រឹកថ្ងៃច័ន្ទនេះផ្ទាល់វៀតណាមគ្មានករណីថ្មីឱ្យរាយការណ៍នោះទេ ប៉ុន្តែកាលពីល្ងាចម្សិលមិញ ប្រទេសនេះមានបានរកឃើញករណីក្នុងសហគមន៍ដល់ទៅ ៣១ករណី បន្ថែមទៀត។ គិតមកទល់ពេលនេះវៀតណាមមានករណីនៃជំងឺ COVID-19 សរុប ៨៤១នាក់ ដោយក្នុងនោះមានករណីចំនួន ៤៣៣ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ហើយមានករណីចំនួន ៣៩៥ បានជាសះស្បើយនិរំសាយទៅផ្ទះ និងមានអ្នកជំងឺ ១៣នាក់ បានស្លាប់៕



អត្ថបទ៖ លីដា
ប្រភព៖ VNexpress