ភ្នំភ្លើង Sinabung នៅលើកោះស៊ូម៉ាត្រាបានផ្ទុះឡើងជាលើកទី២ ត្រឹមរយៈពេលតែ៣ថ្ងៃ ប៉ុន្តែសំណាងគ្មានអ្នករងរបួសទេ
ភ្នំភ្លើង Sinabung ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងម្ដងទៀតនៅថ្ងៃច័ន្ទនេះ ដោយបាញ់ផេះនិងកម្ទេចរបស់ភ្នំភ្លើង ទៅលើមេឃចម្ងាយ ៥,០០០ ម៉ែត្រ ដែលនេះជាការផ្ទុះលើកទី២ហើយ ចាប់តាំងពីថ្ងៃសៅរ៍មក។ អ្នកស្រុកម្នាក់បានប្រាប់រ៉យទ័រថា៖ «សំឡេងផ្ទុះនោះគឺដូចជាផ្គរលាន់ វាមានរយៈពេលមិនដល់ ៣០វិនាទីទេ»។ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្រនៅឥណ្ឌូណេស៊ីបាននិយាយថា ខណៈពេលនេះមិនមានរបាយការណ៍បង្ហាញថាមានមនុស្សស្លាប់ ឬរងរបួសពីការផ្ទុះនេះទេ។ ប៉ុន្តែវាបាននិយាយថា ពលរដ្ឋគួរតែស្ថិតនៅឱ្យឆ្ងាយយ៉ាងតិច ៥ គីឡូម៉ែត្រ ពីមាត់រណ្ដៅរបស់ភ្នំភ្លើង។

ទីភ្នាក់ងារនេះបាននិយាយថា ប្រជាជននៅតំបន់នោះគួរតែពាក់ម៉ាស់របស់ពួកគេ ដើម្បីការពារខ្លួនពីផេះរបស់ការផ្ទុះនេះ ហើយត្រូវប្រយ័ត្ននឹងកម្អែភ្នំភ្លើង។ មន្ត្រីនៅប៉ុស្តិ៍អង្កេតភ្នំ Sinabung បាននិយាយថា ផេះបានគ្របដណ្ដប់លើភូមិជាច្រើនដែលមានចម្ងាយ ២០គីឡូម៉ែត្រ ពីតំបន់នោះ ហើយវាក៏ខ្លាំងជាងការផ្ទុះកាលពីថ្ងៃសៅរ៍ដែរ។ គួរឱ្យដឹងដែរថាភ្នំភ្លើង Sinabung គឺជាភ្នំភ្លើសកម្មមួយក្នុងចំណោមភ្នំភ្លើងទាំង ១២០ នៅឥណ្ឌូនេស៊ី ដែលវាងាយនឹងមានសកម្មភាពដោយសារប្រទេសនេះស្ថិតនៅក្នុងតំបន់ចញ្ចៀនភ្លើងប៉ាស៊ីហ្វិក «Ring of Fire» ។ ភ្នំ Sinabung បានអសកម្មអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ រហូតដល់វាបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ២០១០។ វាមានសកម្មភាពតាំងពីពេលនោះមកម្តងម្កាល ប៉ុន្តែការផ្ទុះមួយនៅឆ្នាំ២០១៤ បានសម្លាប់មនុស្ស ១៦នាក់ និងមនុស្ស ៧នាក់ បានស្លាប់នៅក្នុងការផ្ទុះមួយឆ្នាំ ២០១៦៕



អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle