អន្តរជាតិ

មនុស្ស០១នាក់ស្លាប់ និង០៦នាក់ទៀតរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ផ្ទុះធុងហ្គាសដ៏ខ្លាំងមួយនៅអាមេរិក ហើយអ្នកនៅម្តុំនោះថា ក្រោយផ្ទុះ គាត់លឺសម្លេងក្មេងយំ និងស្រែកឲ្យជួយចេញពីផ្ទះកើតហេតុ

BY
autoadmin
August 11, 2020

អាមេរិក៖ ផ្ទះចំនួន ៣ ខ្នងបានរងនូវការបំផ្លាញទាំងស្រុកនៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសដ៏ធំសម្បើមមួយ ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទម្សិលមិញនេះនៅទីក្រុងបាល់ទីម័រ រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍អកុសលនេះបានសម្លាប់ស្រ្តីម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្សចំនួន ៦ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពបានបន្តថា ក្នុងចំណោមជនរងគ្រោះទាំង ៦ នាក់នោះទៀតសោធគឺមាន ៣ នាក់ត្រូវបានរកឃើញភ្លាមៗក្រោយកើតមានហេតុការផ្ទុះ និង ៣ នាក់ទៀតត្រូវកប់ក្នុងគំនរបាក់បែកហើយគេត្រូវការពេលវេលាជាច្រើនម៉ោងទម្រាំតែអាចរកឃើញពួកគេ។

បើតាមអាជ្ញាធរប្រចាំតំបន់កើតហេតុខាងលើបានឲ្យដឹងផងដែរថា ក្នុងការធ្វើអន្តរាគមន៍ចំពោះករណីនេះអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ចំនួន ២០០ នាក់ ហើយរហូតមកទល់នឹងពេលនេះក្រុមអ្នកជួយសង្គ្រោះបន្ទាន់នៅមិនទាន់បញ្ចប់ការងាររបស់ពួកគេទាំងស្រុងនៅឡើយទេ ដោយគេនៅបន្តរុករកក្នុងគំនរតូចៗមួយចំនួនទៀតក្រែងប្រទះឃើញជនរងគ្រោះជាក្មេងតូចព្រោះបើតាមការឲ្យដឹងពីជិតខាងម្នាក់បានប្រាប់អាជ្ញាធរថា ក្រោយកើតមានហេតុការណ៍នេះគាត់បានឮសំឡេងក្មេងយំ និងស្រែកឲ្យជួយចេញពីក្នុងផ្ទះដែលជាកន្លែងកើតហេតុនោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: