អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល G7 បន្ទាប់ពីអាមេរិកបោះឆ្នោតរើសប្រធានាធិតីថ្មីរួច

BY
autoadmin
August 11, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកចង់ពន្យាពេលកិច្ចប្រជុំកំពូល G7 រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ លោក ដូណាល់ ត្រាំ ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកនៅឆ្នាំនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទថា៖ «ខ្ញុំមានទំនោរចង់ធ្វើវានៅពេលណាមួយ បន្ទាប់ពីការបោះឆ្នោត»។ គាត់បានពន្យល់ថា៖ «ខ្ញុំគិតថាវាជាបរិយាកាសស្ងប់ស្ងាត់ល្អ និងប្រសើរជាងនេះ»។

លោក ដូណាល់ ត្រាំ បាននិយាយថា៖ «យើងអាចធ្វើវាបានតាមរយៈការប្រាស្រ័យទាក់ទងគ្នាពីចម្ងាយ ឬយើងអាចធ្វើវាបានតាមរយៈការប្រជុំមួយ» ហើយលោកបានចង្អុលបង្ហាញថា ទម្រង់បែបបទនៃកិច្ចប្រជុំនឹងត្រូវបន្តពិភាក្សាគ្នាទៀត។ គួរឱ្យដឹងដែរថាកិច្ចប្រជុំ G7 ត្រូវបានពន្យាពេល ដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយមេដឹកនាំពិភពលោកមួយចំនួន រួមទាំងអធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា មឺកែល ក៏បានបង្ហាញពីការស្ទាក់ស្ទើរក្នុងការមកជួបផ្ទាល់។

ក្នុងនោះផងដែរលោក ដូណាល់ ត្រាំ បាននិយាយអំពីផែនការអញ្ជើញមេដឹកនាំប្រទេសដែលមិនមែនជាសមាជិក G7 ដោយនៅពេលមានគេសួរថា តើគាត់នៅតែមានបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែរឬទេ? លោក ត្រាំ បានឆ្លើយថា គាត់ចង់អញ្ជើញមេដឹកនាំរុស្ស៊ីព្រោះលោក ពូទីន ក៏ជាមនុស្សសំខាន់។ ប៉ុន្តែយ៉ាងណាលោក ដូណាល់ ត្រាំ មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ទេ ហើយបាននិយាយថា គ្មានលិខិតអញ្ជើញណាមួយត្រូវបានផ្ញើចេញទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: