អន្តរជាតិ

លោក Rodrigo Duterte មានជំនឿចិត្តលើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី ហើយថានឹងស្ម័គ្រចិត្តឱ្យមានការធ្វើតេស្តវ៉ាក់សាំងនោះ

BY
autoadmin
August 11, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃអង្គារ​ ទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបង្កើតវ៉ាក់សាំងជំងឺ COVID-19 ហើយមានឆន្ទៈចូលរួមក្នុងការសាកល្បងវ៉ាក់សាំងនោះ។ ឥឡូវនេះរុស្ស៊ីរំពឹងនឹងទទួលការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដ៏មានសក្តានុពលរបស់ខ្លួនក្នុងខែនេះ ហើយត្រៀមផ្តល់ជូនទៅហ្វីលីពីន ឬសហការជាមួយក្រុមហ៊ុនក្នុងប្រទេសដើម្បីផលិតវាឡើង។

គួរឱ្យដឹងដែរថាប្រទេសហ្វីលីពីនស្ថិតនៅក្នុងចំណោមប្រទេសអាស៊ី ដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុត ជាមួយនឹងករណីសរុប ១៣៦,៦៣៨ គិតត្រឹមថ្ងៃច័ន្ទ។ លោក Rodrigo Duterte បាននិយាយថា៖«ខ្ញុំនឹងប្រាប់ប្រធានាធិបតី វ្លាឌីមៀរ ពូទីន ថាខ្ញុំមានការជឿជាក់យ៉ាងខ្លាំងលើការសិក្សារបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយខ្ញុំជឿជាក់ថា វ៉ាក់សាំងជំងឺ COVID-19 ដែលលោកបានផលិត ពិតជាល្អសម្រាប់មនុស្សជាតិ»។ លោកក៏បានបន្ថែមដែរថា លោកស្ម័គ្រចិត្តធ្វើជាអ្នកសាកល្បងវ៉ាក់សាំងដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: