ចាប់តាំងពីមានជំងឺកូវីដ១៩មក មានមនុស្សយ៉ាងហោចណាស់ជាង ៨០០នាក់បានស្លាប់ ដោយសារជឿព័ត៌មានមិនពិតទាក់ទងនឹងកូវីដ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា យ៉ាងហោចណាស់មានមនុស្សជាង ៨០០នាក់ នៅទូទាំងពិភពលោកបានស្លាប់ ដោយសារព័ត៌មានមិនពិតទាក់ទងនឹងជំងឺ COVID-19 ត្រឹមរយៈពេលតែ ៣ខែ ដំបូងនៃឆ្នាំ២០២០។ បើតាមការសិក្សារបស់ទិនានុប្បវត្តិវេជ្ជសាស្រ្ត និងអនាម័យអាមេរិកាំង (American Journal of Tropical Medicine and Hygiene) បានបង្ហាញថា មានមនុស្សរហូតដល់ទៅ ៥,៨០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជឿលើព័ត៌មានមិនពិតដែលបង្ហោះនៅលើបណ្ដាញសង្គម។

ពួកគេមួយចំនួនបានស្លាប់ដោយសារការផឹកមេតាណុល និងផលិតផលធ្វើពីអាល់កុលផ្សេងៗ ដែលជាប្រភេទផលិតផលសម្លាប់មេរោគ ដោយសារជឿថាវាអាចព្យាបាលជំងឺ COVID-19 ។ អង្គការសុខភាពពិភពលោកក៏ធ្លាប់បានព្រមានដែរថា ព័ត៌មានមិនពិតវារាលដាលលឿនដូចជា COVID-19 ជាមួយនឹងជំនឿ និងពាក្យចចាមអារាម ដែលធ្វើឱ្យមានការស្លាប់និងរបួស។ មនុស្សខ្លះបានជឿលើជំនឿប្លែកៗ ដូចជាការបរិភោគខ្ទឹមស ក៏ដូចជាវីតាមីន ដើម្បីការពារមិនឱ្យឆ្លងជំងឺ COVID-19 ប៉ុន្តែទាំងអស់នេះមានតែធ្វើឱ្យប៉ះពាល់សុខភាពរបស់ពួកគេ។ ចំណែកនៅតាមបណ្ដាញសង្គមមានជនឆ្លៀតឱកាសជាច្រើន បានទាញផលប្រយោជន៍ខណៈដែលពលរដ្ឋកំពុងភ័យខ្លាច ដោយការលក់ទឹករ៉ែពិសេស ទាំងដែលការពិតវាជាទឹកអូសាវែល -ល-៕


អត្ថបទ៖ លីដា
ប្រភព៖ BBC