ក្រោយប្រពន្ធស្លាប់ទៅ បុរសម្នាក់សង់រូបក្រមួនប្រពន្ធទុកនៅក្នុងផ្ទះ ដើម្បីបានឃើញមុខប្រពន្ធរាល់ថ្ងៃ
ឥណ្ឌា៖ មនុស្សម្នាក់ៗមានវិធីផ្សេងៗគ្នាសម្រាប់រក្សាអនុស្សាវរីយ៍ជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយអ្នកខ្លះបានរក្សាទុករូបថត សាក់ឈ្មោះមនុស្សជាទីស្រលាញ់នោះលើរាងកាយ ឬរក្សាទុកវត្ថុបញ្ចាំចិត្តណាមួយនៅជាប់ខ្លួនជាប្រចាំជាដើម។ យ៉ាងណាក្តី ចំពោះបុរសជាប្តីម្នាក់នេះវិញបានសម្រេចសាងសង់រូបក្រមួនដែលមានរូបរាងដូចប្រពន្ធរបស់គាត់ដើម្បីរក្សាទុកនៅក្នុងផ្ទះតែម្តង បន្ទាប់ពីប្រពន្ធរបស់គាត់បានលាចាកលោកទៅទាំងអាឡោះអាល័យ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា Srinivas Gupta ជាអ្នកជំនួញមានជីវភាពធូរធាម្នាក់រស់នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តរៀបរាប់ដោយរម្លឹកថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះលោក Srinivas Gupta រួមទាំងភរិយានិងកូនស្រី ២ នាក់របស់គាត់បានធ្វើដំណើរកំសាន្តជាមួយគ្នាក្នុងរថយន្តមួយគ្រឿង ហើយជាអកុសលរថយន្តនោះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្រ្តីជាភរិយាស្លាប់យ៉ាងអាណោចអាធ័ម ខណៈសមាជិកក្នុងរយថន្ត ៣ នាក់ផ្សេងបានរងរបួសធ្ងន់និងស្រាល តែអាចនៅរស់មានជីវិត។
រយៈពេល ៣ ឆ្នាំមកនេះ លោក Srinivas Gupta នៅតែមានចិត្តនឹករលឹកដល់ប្រពន្ធគាត់ ទើបគាត់សម្រេចសាងសង់រូបប្រពន្ធគាត់សម្រាប់រក្សាទុកនៅក្នុងផ្ទះតែម្តង។ លោក Srinivas Gupta បានប្រាប់អ្នកសារព័ត៌មានថា រូបសំណាក់ប្រពន្ធគាត់បានធ្វើឡើងពីក្រមួនពិសេសម្យ៉ាងមានឈ្មោះថា Silicone Wax ហើយរូបសំណាក់ត្រូវរក្សាទុកនៅក្នុងបន្ទប់ដែលមានសីតុណ្ណភាពល្មមជាប្រចាំ មិនក្តៅពេក មិនត្រជាក់ពេក ហើយក្នុងបន្ទប់នោះក៏មិនអាចបើម៉ាស៊ីនត្រជាក់បានដែរ ដើម្បីរក្សាគុណភាពរូបសំណាក់ឲ្យនៅល្អបានយូរ។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបានបញ្ចេញមតិសរសើរលោក Srinivas Gupta ថា គាត់ជាប្តីដ៏ល្អម្នាក់ដែលមានទឹកចិត្តស្មោះជាមួយប្រពន្ធយ៉ាងជ្រាលជ្រៅបើទោះជាប្រពន្ធស្លាប់ហើយក្តី មិនដូចបុរសមួយចំនួនគ្រាន់តែប្រពន្ធស្លាប់បានបន្តិចក៏ទៅយកប្រពន្ធមួយទៀតបាត់ទៅហើយ៕


អត្ថបទ៖ភក្តី
ប្រភព៖ World of Buzz