ហ្វីលីពីនគ្រោងធ្វើតេស្ដវ៉ាក់សាំងប្រឆាំងកូវីដ១៩ លើមនុស្ស ដោយប្រើវ៉ាក់សាំងរបស់រុស្ស៊ីនៅខែតុលា
អ្នកនាំពាក្យរបស់ប្រធានាធិបតី Rodrigo Duterte គឺលោក Harry Roque នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា បាននិយាយថា ប្រទេសហ្វីលីពីនគ្រោងនឹងបើកការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 លើមនុស្ស ដោយប្រើវ៉ាក់សាំងរបស់រុស្ស៊ីនៅខែតុលា ខណៈលោកប្រធានាធិបតីផ្ទាល់នឹងសាកវ៉ាក់សាំងនេះនៅខែឧសភាឆ្នាំក្រោយ។ អ្នកនាំពាក្យបានប្រកាសពីគម្រោងនេះក្រោយ១ថ្ងៃ បន្ទាប់ពីអ្នកស្រាវជ្រាវរបស់ហ្វីលីពីន បានពិភាក្សាគ្នាជាមួយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ទាក់ទងនឹងការសាកល្បង និងព័ត៌មានអំពីការចាក់វ៉ាក់សាំង។

រំលឹកដែរថាប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិ (ចុះបញ្ជី) សម្រាប់វ៉ាក់សាំងការពារជំងឺ COVID-19 ដែលត្រូវបានគេដាក់ឈ្មោះថា «Sputnik V» ដើម្បីគោរពដល់ការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់សហភាពសូវៀត។ ប៉ុន្តែការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្តល់ការយល់ព្រមចុះបញ្ជីមុនដំណើរការនៃការសាកល្បងត្រូវបានបញ្ចប់គ្រប់ដំណាក់កាល បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញមួយចំនួន ដែលបារម្ភថារុស្សីកំពុងបង្ហាញកិត្យានុភាពខ្លួន ច្រើនជាងសុវត្ថិភាពរបស់វ៉ាក់សាំង។

លោក Harry Roque បានប្រាប់សន្និសីទសារព័ត៌មានថា ដំណាក់កាលទី៣ នៃការសាកល្បងគ្លីនិកនៅក្នុងប្រទេសហ្វីលីពីនគ្រោងនឹងដំណើរការពីខែតុលា ដល់ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីក្រុមអ្នកជំនាញវ៉ាក់សាំងរបស់រុស្ស៊ី បានបញ្ចប់ការពិនិត្យរបស់ខ្លួនលើការសាកល្បងដំណាក់កាលទី១ និងទី២ នៅក្នុងខែកញ្ញា។ ចំណែកលោក Rodrigo Duterte មានចំណាប់អារម្មណ៍ចង់ទទួលវ៉ាក់សាំងនេះខ្លាំងណាស់ ហើយនៅក្នុងខែកក្កដា គាត់បានធ្វើការសុំដល់ប្រទេសចិនឱ្យចាត់ទុកហ្វីលីពីនជាអាទិភាពប្រសិនបើប្រទេសចិនអភិវឌ្ឍបានវ៉ាក់សាំង។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះហ្វីលីពីនមានករណីជំងឺ COVID-19 ដល់ទៅ ១៤៣,០០០ ករណី ខណៈជំងឺបានសម្លាប់មនុស្សប្រមាណ ២,៤០០នាក់ នៅទីនោះ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia