គ្រោះមហន្តរាយធំៗចំនួន ៨ ដែលពិភពលោកបានជួបប្រទះនៅក្នុងឆ្នាំ ២០២០
ឆ្នាំ ២០២០ ត្រូវបានគេកត់សម្គាល់ឃើញថា គឺជាឆ្នាំមួយដែលពិភពលោកបានជួបគ្រោះមហត្តរាយធ្ងន់ធ្ងរជាច្រើន ហើយគ្រោះមហន្តរាយខ្លះមិនធ្លាប់កើតមានទាល់តែសោះកាលពីមុនមក។ គិតមកត្រឹមពេលនេះ ពិភពលោកបានជួបប្រទះនូវគ្រោះមហន្តរាយចំនួន ៨ មានដូចជា៖

១. ករណីភ្លើងឆេះព្រៃនៅអូស្រ្តាលី ដែលបានបំផ្លាញព្រៃធម្មជាតិទំហំ ៤៧ លានហិចតា សម្លាប់មនុស្សចំនួន ៣៤ នាក់ និងបានសម្លាប់សត្វព្រៃនិងសត្វកម្រជាច្រើនប្រភេទសរុបមានចំនួនច្រើនជាង ១ ពាន់លានក្បាល។

២. ភាពភ័យខ្លាចនៃសង្គ្រាមលោកលើកទី ៣ ដែលបានកើតឡើងក្រោយអាមេរិកបានសម្លាប់មេបញ្ជាការកងទ័តកំពូលម្នាក់របស់ប្រទេសអ៊ីរ៉ង់គឺលោក Qassem Soleimani ហើយពេលនោះអ៊ីរ៉ង់ក៏បានបើកការបាញ់ប្រហារទៅកាន់មូលដ្ឋានទ័ពរបស់អាមេរិកវិញផងដែរ មុនការចរចានិងសម្របសម្រួលដោយសន្តិវិធីមួយបានកើតឡើង។

៣. ជំងឺកូវីដ ១៩ បានរាតត្បាតជុំវិញពិភពលោកបណ្តាលឲ្យមានអ្នកឆ្លងសរុបជាង ២១ លាននាក់ ស្លាប់ជាង ៧ សែននាក់ ហើយពិភពលោកទាំងមូលកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

៤. ទឹកជំនន់ដ៏ឆាប់រហ័សនៅប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្ស ៦៦ នាក់ បំផ្លាញផ្ទះពលរដ្ឋប្រមាណជា ៤ សែនខ្នង និងធ្វើឲ្យប៉ះពាល់ក្រុងនិងតំបន់សំខាន់ៗប្រមាណជា ១៨២ កន្លែង។

៥. ហ្វូងសត្វកណ្ដូបប្រមាណជា ២០០ ពាន់លានក្បាលបានចុះមកស៊ីបំផ្លាញដំណាំរបស់ប្រជាកសិករនៅក្នុងប្រទេសនៅតំបន់អាហ្វ្រិកខាងកើត និងអាស៊ីខាងត្បូង ហើយទំហំដំណាំដែលបានបំផ្លាញនោះអាចគ្រប់គ្រាប់សម្រាប់មនុស្សចំនួន ៨៤ លានអ្នកបរិភោគក្នុងមួយថ្ងៃ។

៦. ភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីនបានផ្ទុះឡើង ដែលបានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់កើតហេតុជាច្រើនគ្រួសារ និងជើងហោះហើរសំខាន់ៗជាច្រើនត្រូវបានផ្អាក។

៧. លោក Kanye West ដែលជាតារាចម្រៀងរ៉េប ជាអ្នកច្នៃម៉ូត ជាមហាសេដ្ឋី និងជាប្តីតារាល្បីឈ្មោះរបស់អាមេរិកគឺអ្នកនាង Kim Kardashian បានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅចុងឆ្នាំ ២០២០ នេះ។ លោក Kanye West ហាក់មានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមពលរដ្ឋអាមេរិកស្បែកខ្មៅបន្ទាប់ពីអាមេរិកបានកើតមានវិបត្តិនៃការរើសអើសពណ៌សប្បុររវាងពលរដ្ឋស្បែកសនិងស្បែកខ្មៅ ខណៈគេបារម្ភថាលោក Kanye West ពុំមានសមត្ថភាព និងភាពស្របច្បាប់គ្រប់គ្រាន់ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។

៨. ករណីផ្ទុះសារធាតុគីមីនៅកំពង់ផែក្នុងទីក្រុងបេរូត ប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជាង ២០០ នាក់ និងបានបង្កឲ្យប្រទេសមួយនេះត្រូវប្រឈមនឹងវិបត្តិនយោបាយនិងខាតបង់សេដ្ឋកិច្ចជាច្រើនទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz